ខេត្តកំពង់ធំ៖ រថយន្តដឹកឈើប្រណិត របស់ឈ្មួញជាមន្ត្រីប៉េអ៊ឹម ខេត្តកំពង់ធំម្នាក់ត្រូវបានក្រឡាប់ ហើយគំរាមវាយអ្នកសារព័ត៌មាននិងរំដោះវត្ថុតាង ចូលទៅទីបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តកំពង់ធំទៀតផង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៥ នៅផ្លូវអាស៊ាន វាងក្រុងស្ទឹងសែន ស្ថិតនៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
យោងតាមប្រភពព័ត៌មាន សាក្សីនៅកន្លែងកើតហេតុ បាននិយាយឲ្យដឹងថា នៅពេលកើតហេតុ ពួកគាត់ឃើញរថយន្តម៉ាក ឆែរលែត ព៌ណស១គ្រឿង ពាក់ស្លាកលេខ 2AG 44 40 ដែល ក្រឡាប់នេះ បើកឡើងពីផ្លូវព្រែកស្បូវមកលើផ្លូវអាស៊ាន ហើយក៏បោះពួយយ៉ាងលឿន ក្នុងទិសដៅ ពីជើងទៅត្បូង ពេលមកដល់កន្លែងកើតហេតុ មានផ្លូវកោង ក៏យកចង្កូតមិនទាន់ក្រឡាប់ផ្ងាជើងធ្លាក់ ពីលើចិញ្ចើមផ្លូវតែម្ដង។
នៅពេលភ្លាមៗនោះ ដំបូលខាងក្រោយរហើប ត្រូវបានគេមើលឃើញថាមានឈើ ហើយក៏មាន កំលាំងប៉េអ៊ឹម១រថយន្តម៉ាកឆ្លាមព៌ណត្រីឆ្លូញ គ្មានពាក់ស្លាកលេខ១គ្រឿងទៀត បានមកដល់ជួយ អន្តរាគមន៍ និងគំរាមវាយអ្នកសារព័ត៌មាន និងរំដោះវត្ថុតាងចូលទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំតែម្ដង ។
យោងប្រភពព័ត៌មាននិងទិដ្ឋភាពជាក់ស្ដែង នៅពេលដែលរថយន្តសន្ទូចផ្ទុករថយន្តដឹកឈើ របស់ឈ្មួញជាមន្ត្រីប៉េអ៊ឹមនេះ បត់ក្បាលចូលទីបញ្ជាការដ្ឋានប៉េអ៊ឹមខេត្តនោះ សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ដែលជិះនៅលើរថយន្តនោះ បង្ខំចិត្តហក់ចុះពីលើរថយន្ត ហើយទ្វារទីបញ្ជាការដ្ឋានត្រូវបាន បិទ បន្ទាប់ពី រថយន្តសមត្ថកិច្ចរដ្ឋបាលព្រៃឈើ សំរុកចូលបាន១គ្រឿងនោះ ចំណែកក្រុមអ្នកសារព័ត៌មាន មិនបានចូលនោះទេ។
ប្រភពព័ត៌មានដដែលក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងក្រុងស្ទឹងសែន សុទ្ធតែបាននិយាយថា ឈ្មួញឈើប្រណិតនេះ ឈ្មោះ សេង ប៊ុនតេង ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាឈ្មួញជួញឈើយូរណាស់មកហើយ រហូតមានទ្រព្យស្ដុកស្ដម្ភទៀតផង ប៉ុន្តែ មិនឃើញមានសមត្ថកិច្ចខាងណា ជាពិសេស មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិង អង្គភាពប្រឆាំងអំពើរពុករលួយ មានចំណាត់ការចំពោះបុគ្គលនេះទេ។
ប្រភពនេះបានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលឈ្មួញឈើឈ្មោះសេង ប៊ុនតេងនេះ យក កន្លែងទីបញ្ជាការដ្ឋានប៉េអ៊ឹមខេត្តកំពង់ធំ ធ្វើជាទីតាំងរំដោះវត្ថុតាងបទល្មើស។
សាធារណ:ជនសុំឲ្យនាយឧត្តមសេនីយ៏ មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស,អង្គភាពប្រឆាំងអំពើរពុករលួយ ,លោកអភិបាលខេត្ត និងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត ចំណាត់ការរឿងនេះ ឲ្យស្មើភាពគ្នា ចំពោះផ្លូវច្បាប់ ពោលគឺច្បាប់អនុវត្តន៍បានចំពោះតែអ្នកទន់ខ្សោយ ចំណែកមានលុយមានអំណាច ស្ងាត់ជ្រៀប ទោះជាធ្វើភ្លៀងផ្គរ ផ្អើលខេត្តដូចនេះក្ដី៕