ខេត្តព្រះវិហារ៖ ដើមឈើធ្នង់ បេង នាងនួន ជាច្រើនដើម មានតម្លៃរាប់សិបម៉ឺនដុល្លារ ក្នុងតំបន់ព្រៃការពារ ឧទ្យានរមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ ដែលជា តំបន់ព្រៃការពារអភិរក្សឩទ្យានរមណីយដ្ឋានទី២ កំពុងរងការកាប់បំផ្លាញ។
កាលពីថ្ងៃទី១៣ តុលា ២០១៥ ប្រជាពលរដ្ឋក្នុងឃុំស្រយ៉ង់ មានការភ្ញាក់ផ្អើល ដោយសារដើមធ្នង់មានមុខកាត់ជាងមួយម៉ែត្រ ត្រូវបានគេលួចកាប់យកគល់ ប្រវែង៣ម៉ែត្រទៅបាត់ គ្មាននណាដឹង។ប្រជាពលរដ្ឋម្នាក់ សូមមិនបញ្ជេញឈ្មោះបានប្រាប់ឲ្យដឹងថា ឈើប្រណិតជាច្រើនប្រភេទ ក្នុងតំបន់ព្រៃការពារអភិរក្សឧទ្យានរមណីយដ្ឋាននេះ ត្រូវបានលោក ជា ផាល័យ ប្រធានក្រុមអាជ្ញាធរអប្សារា បើកដៃឲ្យក្រុមឈ្មួញ ចូលទៅកាប់ឈើប្រណិត បានដោយសេរី ឈើប្រណិតដែលទើបនិងកាប់នាពេលថ្មីៗនេះ បានចំនួន៤ដើម។ តាមប្រភពប្រជាពលរដ្ឋ ក្នុងតំបន់នេះថា ការកាប់បំផ្លាញធនធានធម្មជាតិ ក្នុងតំបន់ព្រៃការពារឧទ្យានរមណីយដ្ឋានប្រាសាទកោះកេរិ៍្តនេះ កើតមានតាំងពីយូរណាស់មកហើយ តែទើបបែកធ្លាយការកាប់ឈើធ្នង់ នៅយប់ថៃ្ងបុណ្យភ្ជុំធំ គឺយប់ថ្ងៃទី១២ឈានចូលថ្ងៃទី១៣តុលា ២០១៥នេះ ។
សកម្មភាពនេះទំនងធ្វើឡើង ជាប្រព័ន្ឋរវាងអាជ្ញាធរអភិរក្សតំបន់ព្រៃការពាររមណីយដ្ឋានប្រាសាទកោះកេរិ៍្ត សមត្ថកិច្ចមូលដ្ឋាន រួមទាំងមន្ត្រីជំនាញ និងឈ្មួញជាអ្នកបញ្ជាឲ្យទិញឈើ។
ប្រជាពលរដ្ឋក្នុងឃុំស្រយ៉ង់សំណូមពរដល់អាជ្ញាធរអប្សារា នឹងអាជ្ញាធរខេត្តព្រះវិហារ ត្រូវចាត់វិធានការទប់ស្កាត់ និងបើកការស៊ើបអង្កេតរក ជនប្រព្រឹត្តនិងជនរួមគំនិតយកមកផ្តន្ទា ទោសទៅតាមច្បាប់ ។
លោក ជា ផាល័យ បានប្រាប់ឲ្យដឹងថា ៖ លោកបានដឹងការកាប់ឈើនេះពេលកន្លងមកដែរ ហើយលោកបានធ្វើការទប់ស្កាត់ជាច្រើនលើក ដោយសហការជាមួយនគរបាលបតិកភ័ណ្ឌ តែពេលថ្មីៗនេះលោកមិនបានដឹងទេ ?។
លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកផ្នែកបង្ក្រាបបទល្មើសព្រៃឈើ បានបញ្ជាក់ថា ៖ ជុំវិញបទល្មើសកាប់ឈើ ក្នុងតំបន់ព្រៃការពារអភិរក្សឧទ្យានរមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ លោកមិនដែលបានទទួលព័ត៌មាន ឲ្យជួយសហការពីអាជ្ញាធរអប្សារាម្ដងណាទេ ហើយតំបន់នេះ វាមិនស្ថិតនៅក្រោមការគ្រប់គ្រង របស់ខេត្តទេ ហេតុនេះហើយទើបអាជ្ញាធរអប្សារាមិនធ្វើកិច្ចសហការជាមួយ។
លោកអនុសេនីយ៍ឯក អ៊ុច បូរិទ្ធ នៅកងទ័ពជើងគោកប្រចាំការទិសស្រុកគូលែនបានឲ្យដឹងថា ៖ បទល្មើសកាប់ឈើប្រណិត ក្នុងតំបន់អភិរក្សព្រៃការពារឧទ្យានរមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ បានកើតមានស្ទើរតែរៀងរាល់ថ្ងៃ មិនដែលឃើញក្រុមប្រចាំការអប្សារាការពារប្រាសាទកោះកេរ្តិ៍បង្ក្រាប ឫចាប់បានជនល្មើសណាម្នាក់ឡើយ គឺមានតែជួយបិទបាំងបទល្មើសទៅវិញ បើអាជ្ញាធរគ្រប់គ្រងប្រាសាទ នៅតែបណ្តែតបណ្តោយបែបនេះ ទៅអនាគតព្រៃឈើនៅក្នុងតំបន់អភិរក្សឧទ្យានរមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ ពិតជាត្រូវរលាយ ហើយកូនខ្មែរជំនាន់ក្រោយៗ ប្រាកដជាពុំបានស្គាល់ ប្រភេទដើមឈើ ដែលមានតំលៃខ្ពស់ៗនោះទេ ៕