កោះកុង ៖ នាយប់ថ្ងៃទី១១តុលា២០១៥ បុរសជាជនសង្ស័យ ប្រព្រឹត្តអំពើរឃាតកម្ម សម្លាប់គូជម្លោះមា្នក់ នៅក្នុងបរិវេណវត្តកោះកែវមរកត ស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានត្រូវកម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ធ្វើការឃាត់ខ្លួន កសាងសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្ត កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០១៥ ។
ប្រភព អោយដឹងថា បុរសជនសង្ស័យ ជាឃាតករដែលត្រូវឃាត់ខ្លួន បញ្ជូនទៅតុលាការនោះ ឈ្មោះមួង រដ្ឋា មុខរបរជាកម្មករទូកនេសាទ។ យោងតាមចម្លើយសារភាព របស់ជនជាប់ចោទ ប៉ូលិសបានបញ្ជាក់ឱ្យដឹងដែរថា ករណីអំពើរឃាតកម្មនេះ គឺផ្តើមឡើងដោយសាតែរឿងគំនុំជម្លោះពាក្យសម្តី ។
កាលពីយប់ថ្ងៃទី១០ខែតុលា២០១៥ ខ្លួនជាជនដៃដល់ឈ្មោះមួង រដ្ឋានោះ បានផឹកស៊ីជាមួយឈ្មោះសាំង វាសនា និងឈ្មោះផន សុខុម នៅតូបអ៊ី មុំ ស្រាបៀរអស់ចំនួនមួយកេស ។ ខណៈពេលផឹកស៊ីជុំគា្ននោះ បុរសជនរងគ្រោះឈ្មោះផន សុខុម បានស្រែកឡូឡាខ្លាំងៗ ហើយជនសង្ស័យឈ្មោះមួង រដ្ឋា ក៏ឃាត់កុំអោយស្រែកឡូឡាខ្មាស់គេ តែមិនព្រមស្តាប់ ក៏កើតជម្លោះជជែកគ្នា រហូតផ្អើលដល់សមត្ថកិច្ចមកឃាត់ ទើបពួកគេបែកគ្នារៀងខ្លួន។
នៅថ្ងៃបន្ទាប់ដែលជាថ្ងៃកើតហេតុ ជនសង្ស័យដៃដល់ ក៏មកលេងនៅវត្តដដែល ដោយបានដាក់ទាំងកាំបិតដងខ្មៅ១ផងដែរ ដើម្បីការពារខ្លួន ។ ពេលមកដល់វត្ត បំរុងចូលទៅផឹកស្រាបៀរ នៅតូបដដែល តែដោយឃើញជនរងគ្រោះ អង្គុយផឹកនៅទីនោះមុន ជនសង្ស័យក៏បានទៅអង្គុយផឹក នៅតូបក្បែរនោះ ។ ហើយស្របពេលជនរងគ្រោះឈ្មោះផន សុខុម ដើរទៅបត់ជើងតូចនៅកន្លែងស្ងាត់ បុរសដៃដល់ឈ្មោះមួង រដ្ឋា ក៏បានតាមពីក្រោយ ហើយកេះស្មាជនរងគ្រោះ សួរថាបងស្គាល់ខ្ញុំដែរអត់ ជនរងគ្រោះមិនទាន់ឆ្លើយផង ជនសង្ស័យក៏បានចាក់មួយកាំបិត ចំស្មាខាងឆ្វេង រួចរត់គេចទៅសម្ងំលាក់ខ្លួន ពួន នៅផ្ទះរបស់អ្នកភូមិឈ្មោះម៉ូវ មួយ ហៅតាម៉ៅ ។ មួយសន្ទុះក្រោយមក ពេលដើរចេញពីផ្ទះតាម៉ៅ បំរុងទៅដេក ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង ៕