ខេត្តត្បូងឃ្មុំ៖ លោក ប៉ុន ប៊ុណ្ណា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិត្រពាំងផ្លុង កំពុងរងការចោទប្រកាន់ថា កំពុងប្រព្រឹត្តអំពើពុករលួយ ប្រធានច្រករូបនេះ ពុំបានខិតខំពង្រឹង និងធ្វើការប្រមូលពន្ធ បង់ចូលរដ្ឋតាមជំនាញបច្ចេកទេស នោះទេ ប៉ន្តែលោក ប៉ុន ប៊ុនណា បែរជាព្រមសំរបសំរួលឃុបឃិត រួមដៃ ជាមួយមេឈ្មួញរកស៊ីធំៗ ជាច្រើនរូប បំបាត់កិបកេងនូវចំណូលថវិកាបង់ពន្ធចូលរដ្ឋ ដោយមិនខ្វល់ពីការកែទម្រង់ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល អ្វីបន្តិចទាល់តែសោះ នេះបើតាមប្រភព បានទម្លាយចេញពីមន្ត្រីគយ ប្រចាំការច្រកទ្វារត្រពាំងផ្លុង ។
ប្រភពពីមន្ត្រីគយតូចតាចឲ្យដឹងថា ការចោទប្រកាន់លោក ប៉ុន ប៊ុណ្ណាប្រព្រិត្តអំពើពុករលួយ គឺមានភស្តុតាងគ្រប់គ្រាន់ ដោយសារពីមុនមក ច្រកទ្វារអន្តរជាតិមួយនេះ ប្រមូលពន្ធបានចំនួន ១១ ពាន់លានរៀល ទៅ ១៤ ពាន់លានរៀល ក្នុងមួយខែ។ ប៉ុន្តែក្រោយពេលលោក ប៉ុន ប៊ុណ្ណា ចូលកាន់តំណែង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ គឺចំណូលពន្ធតាមច្រកទ្វានេះ បានធ្លាក់ចុះយ៉ាងគំហុករហូត មានចំនួនត្រឹមតែជាង ៦ ពាន់លានរៀល ទៅ៨ពាន់លានរៀលក្នុង១ខែតែប៉ុណ្ណោះ។ ការធ្លាក់ចុះចំណូលពន្ធមូលហេតុចំបង គឺដោយសារបច្ចុប្បន្នលោក ប៉ុនប៊ុណ្ណា កំពុង រីករាយកើបលុយ ដោយការឃុបឃិតកេងប្រវ័ញ ជាមួយឈ្មួញ មិនធ្វើការប្រមូលពន្ធ តាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវទេ។
ក្រុមហ៊ុនមួយវំនួនដូចជា ក្រុមហ៊ុនដឹកទំនិញយាយញាប់, ក្រុមហ៊ុនដឹកទំនិញ ស៊ុន ហួរ, ក្រុមហ៊ុនដឹកទំនិញ ហាក់ ម៉ៅ, ក្រុមហ៊ុនដឹកទំនិញ ឆេង ទី និងក្រុមហ៊ុនដឹកទំនីញ ទីខ្មូត បាននាំចូលទំនិញ តាមច្រកទ្វារអន្តរជាតិត្រពាំងផ្លុង បានឃុបឃិតគ្នាជាមួយមេគយច្រកវាយតម្លៃពន្ធទាប និងបង់ពន្ធមិនគ្រប់ចំនួន ហើយនៅមានឈ្មួញជាច្រើនទៀត បានឃុបឃិតជាមួយលោកមេគយ ប៉ុន ប៊ុណ្ណា កេងបន្លំពន្ធទៅលើមុខទំនិញ ដែលពួកគេបាននាំចូលពីប្រទេសវៀតណាម តាមច្រកត្រពាំងផ្លុង ក៏ដូចជាការនាំទំនិញចេញ ពីកម្ពុជាទៅវៀតណាមផងដែរ។
ប្រភពពីមន្ត្រីគយ បានលើកឡើងបន្ថែមថា តារាងតម្លៃ (ក្រដាសបញ្ជី) អត្រាពន្ធ៧ភាគរយ ឡានតូចត្រូវបង់ពន្ធ៩លានរៀល បង់ថ្លៃបាយ ៥លានរៀល។ អត្រាពន្ធ១៥ភាគរយ ឡានតូចបង់ពន្ធ១០លានរៀល ថ្លៃបាយ៥លានរៀល ទំនិញចាប់ហួយបូក អត្រាពន្ធ៣៥ភាគរយ ឡានតូចបង់ពន្ធ២២លានរៀល ថ្លៃបាយ ៥លានរៀល ឡានតូចដូចគ្នាដែរ បង់ពន្ធ ៨,៥លានរៀល ថ្លៃបាយ១១លានរៀល សសេរទំនិញផ្សេងៗអត្រា៧ភាគរយ កង់ឡាន ឡានតូចបង់ពន្ធ២២លានរៀល ថ្លៃបាយ៥លានរៀល ត្រូវសសេរជាកង់ឡាន ហើយប្រេងម៉ាស៊ីន (២០) បូកផ្សេងៗ ឡានធំ បង់ពន្ធ៩លានរៀល ថ្លៃបាយ ១៥លានរៀល។
ចំពោះទំនិញមានអត្រាពន្ធខ្ពស់បង្កប់ជាមួយ ទំនិញមានអត្រាពន្ធទាប ត្រូវគិតបង់ពន្ធ និងថ្លៃបាយតាមទំនិញអត្រាខ្ពស់។ ទំនិញ (ចាប់ហ៊ួយ បូកអត្រាពន្ធ ៣៥ភាគរយ) ចំនួន៣កុងតឺន័រ ត្រូវសសេរពន្ធ២២លានរៀល ឡានតូច១កុងតឺន័រ និង២កុងតឺន័រទៀត សសេរជាទំនិញផ្សេង បង់ពន្ធ ៨,៥លានរៀលឡានតូច។ ក្រៅពីទំនិញខាងលើ ដែលឈ្មួញបានបង់ពន្ធ និងថ្លៃបាយឲ្យលោកមេគយ ប៉ុន ប៊ុណ្ណា ក៏នៅមានទំនិញផ្សេងៗទៀត ដែលមេគយច្រកទ្វាររូបនេះ បង្ខំឲ្យអ្នករកស៊ីតូចតាច បង់លុយឲ្យខ្លួនតាមតែទំនើងចិត្ត។ ក្នុងនោះដូចជាឡានដឹក ថ្នាំជក់មួយគ្រឿងបង់ង៣០ដុល្លារ, រថយន្តដឹកឈើកៅស៊ូ បង់៩០ដុល្លារ, រថយន្តដឹកចំណីសត្វបង់ ៣០ដុល្លារ ពិសេសរថយន្តដឹកដំឡូងមី មួយគ្រឿងត្រូវលោក ប៉ុន ប៊ុណ្ណា ជម្រិតទារលុយ ពី៣ម៉ឺន ទៅ៥ម៉ឺនរៀល ហើយក្នុងមួយថ្ងៃ មានរថយន្តដឹកកសិផល នាំចេញតាមច្រកទ្វារប្រពាំងផ្លុង មិនតិចជាង៣០០ទៅ៤០០គ្រឿងនោះទេ។
ដោយឡែកលុយដាក់ចូលកេះខ្មៅ (លុយសន្សំសម្រាប់ផ្តល់ជូនមន្ត្រីគយ) ត្រូវលោក ប៉ុន បុណ្ណា ដកយកក្នុងមួយថ្ងៃ ពី៦០០ដុល្លារ ទៅ៨០០ដុល្លារ ដោយនិយាយប្រាប់ មន្ត្រីគយថ្នាក់ក្រោមថា យកទៅជូនឲ្យមេៗថ្នាក់លើ ហើយលុយដែលសន្សំនេះ ពុំដែលសល់បានចែកដល់មន្ត្រីគយនៅប្រចាំការនោះទេ។ បើអ្នកណាហ៊ានសួរ លោក ប៉ុន ប៊ុណ្ណា តែងគម្រាមរករឿងដោះដូរ ឬដកឲ្យទៅអង្គុយអានកាសែត ក្នុងប៊ុយរ៉ូលេង ។
មន្ត្រីគយដែលរងការគៀបសង្កត់ បានសំណូមពរ ដល់រាជរដ្ឋាភិបាល, ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសអគ្គនាយកដ្ឋានគយ និងអង្គភាពប្រឆាំងអំពើពុករលួយ គប្បីមានវិធានការ ឲ្យមន្ត្រីជំនាញចុះទៅអង្កេតស្រាវជ្រាវពី ការដឹកនាំ និងសកម្មភាពការងារកិបកេងចំណូលពន្ធ ឥតសំចៃ ដែលកំពុងធ្វើឲ្យប៉ះពាល់ និងបាត់បង់ចំណូលពន្ធរដ្ឋ ដែលលោក ប៉ុន ប៊ុណ្ណា កំពុងបង្កអំពើពុករលួយនឹង ធ្វើ ឲ្យបែកបាក់សាមគ្គី ដល់មន្ត្រីថ្នាក់ក្រោម នៅក្នុងច្រកទ្វារត្រពាំងផ្លុង អស់ទឹកចិត្តបំពេញការងារ ផងដែរ។សកម្មភាពពុករលួយនេះ គប្បីលោកអគ្គនាយកគយ និងរដ្ឋករ ក៏ដូចជា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់អារម្មណ៏ ចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបញ្ហាពុករលួយដល់ឆ្អឹង នេះផង។
ជុំវិញការលើកឡើងខាងលើ គេហទំព័រ យើង នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីលោក ប៊ុន ប៊ុណ្ណា ប្រធានច្រកទ្វារត្រពាំងផ្លុង បានឡើយ ព្រោះមិនអាចទំនាក់ទំនងបាន តែនឹងព្យាយាមសុំការបំភ្លឺ៕