ខេត្តព្រះវិហារ៖ ដីបច្ឆាឬហៅថាដីកប់ខ្មោចជាង១ហិចតា ដែលបានបន្សល់ទុកតាំងពីកេរិ៍្តដូនតាមក របស់ប្រជាពលរដ្ឋនៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានលោក ហម ហ៊ីមនាយប៉ុស្តិ៍រដ្ឋបាលភ្នំពេញ រំលោភយកដីនោះធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៥ កន្លងទៅនោះ ប្រជាពលរស់នៅភូមិស្របាលជាង៣០០គ្រួសារបានផ្ទុះការតវ៉ាកើតទុក្ខមិនសុខចិត្តទៅនឹងទង្វើរ
លោកមេប៉ុស្តិ៍ ហម ហ៊ីម ដែលបានមកកាប់ដើមឈើនឹងធ្វើរបងព័ទ្ធយកដីកប់ខ្មោចដូនតារបស់ពួកគាត់ ហើយប្រជាពលរដ្ឋបានលើកគ្នាមកតវ៉ាដល់អធិការដ្ឋាននគរបាល ស្រុកគូលែន ដើម្បីរកខុសត្រូវជាមួយលោក មេប៉ុស្តិ៍ខាងលើ។
ប្រជាពលរដ្ឋនៅភូមិស្របាលបានបញ្ជាក់ឲ្យដឹងថា ដីប៉ុស្តិចាស់មានហើយ ហេតុអ្វីចង់បានដីកប់ខ្មោចទៀត។
លោក ហម ហ៊ីមនាយប៉ុស្តិ៍នគរបាលភ្នំពេញ បានបកស្រាយឲ្យដឹងថា លោកបានសុំមេភូមិស្របាលនឹងមានការឯកភាពពីក្រុមប្រឹក្សា ឃុំភ្នំពេញ ឲ្យដីនោះមកលោកទំហំ៣០គុណនឹង៥០ម៉ែត្រ ធ្វើប្លង់ដាក់ឈ្មោះខ្លួនលោកផ្ទាល់ ដើម្បីត្រៀមទុកធ្វើប៉ុស្តិ៍ រីឯប៉ុស្តិ៍រដ្ឋបាលចាស់គឺជាដីរបស់ឃុំភ្នំពេញ។
លោក ប៉ាង យៀប អភិបាលស្រុកគូលែនបានឲ្យដឹងថា ដីបច្ឆានោះមិនទាន់សំរេចថាឲ្យទៅលោកហម ហ៊ីម យកទៅធ្វើប៉ុស្តិ៍នៅឡើយទេរង់ចាំធ្វើការដោះស្រាយ
ជាមួយប្រជាពលរដ្ឋជាមុនសិន។
ប្រជាពលរដ្ឋតែងតែធ្វើការរិះគន់ទៅលើបុគ្គលមានអំណាចមួយចំនួនថា ក្រោយពីរដ្ឋាភិបាលបានធ្វើផ្លូវស្អាតដីមានហាងឆេងខ្ពស់ធ្វើឲ្យជនខិលខូចមួយក្ដាប់តូចចង់បាន ដោយមិនគិតថា ដីនោះជាដីកប់ខ្មោចឬក៏ជាដីអ្វីទេខ្លួនឈ្លៀតឧកាសគឺរំលោភយកតែម្ដងដោយមិនគិតពីទំនៀមទំលាប់នឹងបានបង្កឲ្យមានភាពវឹកវរ
ដល់សង្គមថែមទៀតផង។
ប្រជាពលរដ្ឋបានសំណូមពរដល់លោក ឧត្ដមសេនីយ៍ត្រី ស៊ី គីរី ស្នងការនគរបាលខេត្តព្រះវិហារ និងនាយឧត្ដមសេនីយ៍នេតសាវឿនអគ្គស្នងការនគរបាលជាតិ
សូមមេត្តាជួយពិនិត្យមើលលោក ហម ហ៊ីម ផង សូម្បីដីកប់ខ្មោចរបស់ដូនតាប្រជាពលរដ្ឋក៏គាត់រំលោភយកដែរ៕