ខេត្តត្បូងឃ្មុំៈ ប្រភពពីឈ្មួញ បានឲ្យដឹងថា សព្វថ្ងៃនេះច្រកដូនរ័ត្ន និងច្រកបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាច្រក ដែលឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ យ៉ាងច្រើនមហិមាបណ្តាល ឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើន ក្នុងមួយខែៗ ដោយសារមេគយស្រុកមេមត់ ប្រព្រិត្តអំពើពុករលួយ។
ប្រភពខាងលើបានឲ្យដឹងថា លោក ចាន់ សូផាត ជាមេគយស្រុកមេមត់ រងការរិះគន់ថាកំពុងសប្បាយ ក្នុងការប្រមូលផលប្រយោជន៍ ពីឈ្មួញដឹកជញ្ជូនឈើប្រណីត
ទៅលក់នៅស្រុកយួន តាមច្រកដូនរ័ត្ន ច្រកចាន់មូល និងច្រកបឹងជ្រោង យ៉ាងត្រជាក់ចិត្ត ជាមួយគ្នានេះ លោក ចាន់ សូផាត ក៏ទទួលបានផលប្រយោជន៍ ពីក្រុមឈ្មួញនាំចូលទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ ពីស្រុកយួនចូលស្រុកខ្មែរ តាមច្រកទាំង៣ខាងលើនេះជាប្រចាំផងដែរ ជាងនេះទៅទៀត លោក ចាន់ សូផាត មានទំនាក់ទំនងយ៉ាងល្អ ជាមួយឈ្មួញដឹកជញ្ជូនឈើ ទៅលក់នៅស្រុកយួន និងឈ្មួញនាំចូលទំនិញគេចពន្ធឬទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួន ហើយក៏មិនដែលឃើញ ចាត់វិធានការទប់ស្កាត់បង្រ្កាបបទល្មើស បានម្ដងណាឡើយ ឃើញតែសម្ងំប្រមូលលុយ យ៉ាងត្រជាក់ចិត្ត។
ការដែលលោក ចាន់ សូផាត មេគយស្រុកមេមត់ អាចធ្វើអ្វីៗស្រេចតែអំពើចិត្ត ប្រមូលលាភសក្ការៈមិនខ្វល់ពី ការខិតខំប្រមូលថវិកាចូលរដ្ឋ សង្ស័យ គឺដោយសារមានការបើកដៃ ពីថ្នាក់លើនិងមានការបែងចែកផលប្រយោជន៍ ជាប្រចាំ ទើបលោកចាន់សូផាតអាចរក្សាតំណែងរបស់ខ្លួន បានរឹងមាំនិងយូរអង្វែង។
មន្ត្រីគយតូចតាចនៅក្នុងស្រុកមេមត់ បានឲ្យដឹងថា ក្រោយពេលលោក ចាន់ សូផាត បានកាន់តំណែង ជាប្រធានស្នាក់ការគយនិងរដ្ឋាករស្រុកមេមត់រួចមក គឺលោកបាននិងកំពុងធ្វើអ្វីៗ ស្រេចតែអំពើចិត្ត ដោយគ្មានញញើតច្បាប់ទម្លាប់អ្វីទាំងអស់។ច្រកដូនរ័ត្ន ច្រកចាន់មូល និងច្រកបឹងជ្រោង ច្រកទាំងបីនេះ ក្លាយទៅជាចំណុចមាស ដែលលោក ចាន់ សូផាត បឹទភ្នែកឲ្យឈ្មួញដឹកជញ្ជូនឈើប្រណីតខុសច្បាប់ ទៅលក់នៅស្រុកយួនយ៉ាងអនាធិបតេយ្យ ដើម្បីឆ្លើយតប នឹងផលប្រយោជន៍ពុករលួយ ដែលក្រុមឈ្មួញសងគុណឲ្យ ។
ប្រភពបានឲ្យដឹងទៀតថា ឈើដែលក្រុមឈ្មួញដឹកជញ្ជូន ទៅលក់នៅស្រុកយួន តាមច្រកទាំង៣ខាងលើ គឺជាឈើប្រណីតដូចជា គ្រញូង ធ្នង់ បេង នាងនួន និងឈើក្រហម ដែលឈ្មួញប្រមូលទិញ ពីខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំជាដើម ហើយអាចដឹកចេញដោយរលូន តាមច្រកទាំងបីខាងលើនេះ៕
ដូច្នេះលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរចាត់វិធានការនិងត្រួតពិនិត្យ ទៅលើលោក ចាន់ សូផាត ប្រធានស្នាក់ការគយនិងរដ្ឋាករ ស្រុកមេមត់ ជាបន្ទាន់ដើម្បីកុំឲ្យមន្ត្រីគយរូបនេះ ឃុបឃិតជាមួយឈ្មួញខិលខូច បំផ្លាញចំណូលពន្ធរដ្ឋ និងបំផ្លាញព្រៃឈើស្រេចតែអំពើចិត្តដោយមិនខ្លាចច្បាប់
ប្រឆាំងអំពើពុករលួយ និងបំពានបំរាមរបស់រាជរដ្ឋាភិបាល៕