ខេត្តព្រះសិហនុ ៖ នៅព្រឹកថ្ងៃពុធទី១៣ មិនា ២០២៤ នៅសណ្ឋាគារម៉ូតែលសុខា ខេត្តព្រះសីហនុ មានកិច្ចប្រជុំពិភាក្សាពិសេសរវាងវិនិយោគិននិងធុរជនជាមួយក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និងមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធ។ក្នុងកិច្ចប្រជុំពិភាក្សានេះមានអ្នកចូលរួមប្រមាណ១៨០នាក់មកពីក្រុមហ៊ុនវិនិយោគចិន សភាពាណិជ្ជកម្ម សមាគមក្រុមហ៊ុនតាមបណ្តាកោះឆ្នេរ តំបន់សេដ្ឋកិច្ចពិសេសនិងម្ចាស់អាគារជាប់គាំង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្តិតបានលើកទឹកចិត្តដល់វិនិយោគិននិងធុរកិច្ចមិនត្រូវអស់សង្ឃឹមហើយត្រូវដាក់សំណើរមកក្រុមការងារពិសេសដើម្បីលើកយកពិភាក្សាដោះស្រាយជាកញ្ចប់និងត្រូវមានឆន្ទ:ជួបដោះស្រាយ។
ឯកឧត្តមបណ្ឌិតបានបន្តធ្វើការបង្ហាញគម្រោងវិនិយោគឬសកម្មភាពធុរកិច្ចដែលស្នើសុំនិងអនុវត្តក្នុងឆ្នាំ២០២៤មានបីគម្រោងគឺ
១. គម្រោងវិនិយោគឬសកម្មភាពធុរកិច្ចពាក់ព័ន្ធជាមួយអាគារជាប់គាំង។
២. គម្រោងវិនិយោគឬសកម្មភាពធុរកិច្ចដែលមិនពាក់ព័ន្ធអាគារជាប់គាំង។
៣. ការពង្រីកគម្រោងវិនិយោគឬសកម្មភាពធុរកិច្ចដែលមានស្រាប់ស្របតាមលក្ខណ:វិនិច្ឆ័យជាក់លាក់។
ផ្អែកតាមគម្រោងទាំងនេះ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តពន្ធនិងការលើកទឹកចិត្តមិនមែនពន្ធ ដែលជាអត្ថប្រយោជន៍ពិសេសមានដូចជា៖
១. ការផ្តល់ការលើកទឹកចិត្តពិសេសនិងការអោយគ្នាដូចជាពន្ធអាករចូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយ ពន្ធកាត់ទុកលើការជួលអចលនទ្រព្យនិងកម្រៃសេវាចុះបញ្ជីរ។
២. ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធប្រចាំខែនិងពន្ធអប្បបរមារយ:ពេលបីឆ្នាំ។
៣. ការលើកលែងអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយលើការផ្គត់ផ្គង់ទំនិញនិងសេវាកម្មក្នុងស្រុកសម្រាប់ការបញ្ចប់ឬជួសជុលអាគារដែលសង់មិនទាន់រួចឬធាតុចូលរួមផលិតកម្មក្នងស្រុក។
៤. ការលើកលែងពន្ធកាត់ទុកលើការជួលអចលនទ្រព្យ។
៥. ការលើកលែងពន្ធលើអចលនទ្រព្យនិងពិន័យរដ្ឋបាលសម្រាប់ឆ្នាំ២០១៦-២០២៥។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ការលើកទឹកចិត្តមិនមែនពន្ធផងដែរ៖
១. លើកលែងការបង់ថ្លៃសេវាសាធារណ:លើការស្នើសុំលិខិតអនុញ្ញាតិសាងសង់ លិខិតបើក;បិទការដ្ឋាននិងវិញ្ញាបនប័ត្រប្រើប្រាស់សំណង់។
២. សម្រួលនិតិវិធីលើការចុះបញ្ជីររួមទាំងគម្រោងវិនិយោគមានលក្ខណ:សម្បត្តិគ្រប់គ្រាន់និងការចុះបញ្ជីរាហគ្រាស។
៣. ជួយសម្របសម្រួលចំពោះនិតិវិធីពាក់ព័ន្ធធុរកិច្ចនិងការវិនិយោគ។
៤. ជួយសម្របសម្រួលការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
៥. ផ្តល់ទិដ្ឋាការរយ:ពេលបីឆ្នាំសម្រាប់ការទិញការជួលរយ:ពេលវែងនៃទ្រព្យសម្បត្តិដែលមានតម្លៃលើសពីមួយរយពាន់ដុល្លាអាមេរិក។
៦. ពន្លឿននិតិវិធីគយនៅពេលភ្ញៀវមកដល់និងត្រឡប់ទៅវិញ៕