ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃសៅរិ៍ទី១១ខែកញ្ញា រហូតដល់ព្រឹកថ្ងៃទី១៤ខែកញ្ញា សមត្ថកិច្ចចម្រុះ របស់អាជ្ញាធរអប្សរា ចុះរុះរើរោងនិងតារាងបាល់ទះ របស់ស្រ្តីក្រមុំចំណាស់ម្នាក់ ដែលជាដីកេរិ៍តំណែលតាំង ពីដូនតាមកម្ល៉េះ ខណៈដែលដីនោះ ត្រូវបានគាត់ធ្វើរោងទុក ឱ្យក្មួយសម្រាប់យាមស្រែ និងធ្វើតារាងបាល់ទះគ្រាន់បានកម្រៃ យកមកចិញ្ចឹមក្មួយនិងចៅ ព្រមទាំងខ្លួនឯង បានទៅសុំសីលទានផង
ដីនោះស្ថិតនៅចំណុច ខាងកើតផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រៃកុយ សង្កាត់អំពិល ក្រុងសៀមរាប ក្នុងពេលដីសងខាងគាត់ ត្រូវបានសម្តេចតេជោ កាត់ឃ្វាលឲ្យប្រជាពលរដ្ឋហើយ។
តាមប្រភពពីស្ត្រីក្រមុំចាស់ ដែលជាម្ចាស់ដី មានឈ្មោះ លុក អាន អាយុ៦៦ឆ្នាំ រស់នៅភូមិព្រៃកុយ សង្កាត់អំពិល ក្រុងសៀមរាប បានរៀបរាប់ទាំងទឹកភ្នែកហូររហាម ប្រាប់បណ្តាញពត័មានឱ្យដឹងថា ដីនេះជាដីកម្មសិទ្ធរបស់គាត់ តាំងពីអំឡុងឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន សព្វថ្ងៃគាត់បានរស់នៅលើដីនេះ រហូតមកហើយ ប្រកបមុខរបរធ្វើស្រែជារៀងរាល់ឆ្នាំ និងដាក់តារាងបាល់ទះ២ខ្សែ ដើម្បីបានលុយយកមកចិញ្ចឹម ក្មួយនិងចៅព្រម ទាំងខ្លួនឯងបានទៅសុំសីលផង។ស្ត្រីក្រមុំចាស់បានរៀបរាប់បន្តថា ចំពោះដីនេះគាត់មិនទាន់បានលក់ទៅឱ្យអាជ្ញាធរអប្សរាទេ ប៉ុន្តែហេតុអ្វីក៏ពួកគេបានមករុះរើរោងនិងតារាងបាល់ទះរបស់គាត់ទៅវិញ គ្រាន់តែប៉ុណ្ណឹង ក៏មិនលើកលែងឱ្យអ្នកក្រ ដូចជារូបគាត់ដែលជាស្ត្រីចំណាស់ ម្តេចមិនទៅហាមឃាត់ផ្ទះដែលគេកំពុងសាងសង់ធំៗ នៅជិតនោះផង។
អ្នកឃើញហេតុការណ៏បានឲ្យដឹងថា ពួកគាត់បាន ឃើញក្រុមអាជ្ញាធរអប្សរា ចុះទៅរុះរើនិងហាមឃាត់ កាលពីថ្ងៃសៅរិ៍ទី១១ខែកញ្ញា លុះព្រឹកឡើងថ្ងៃទី១៤ខែកញ្ញា គាត់បានឃើញខាងអាជ្ញាធរអប្សរា ចុះមកប្រាប់អ៊ុំស្រីនោះថា មិនឱ្យធ្វើរោងឬតារាងបាល់បន្តទៀត ប្រសិនបើនៅរឹងទទឹងនិងធ្វើតទៅទៀត ពួកគេនិងចុះមកម្តងទៀត ចាប់ទៅស្នាក់ការរបស់អាជ្ញាធរអប្សរា នៅពីខាងកើតរដ្ឋបាលសាលាខេត្តថ្មី។
ប្រភពពីមន្ត្រីអាជ្ញាធរជាតិអប្សរា បានប្រាប់បណ្តាញព័តមានថា លោកពិតជាបានឱ្យកម្លាំងចុះសហការ ជាមួយនិងសមត្ថកិច្ចចម្រុះ ប្រចាំការរបស់អាជ្ញាធរអប្សរា បានទៅរុះរើរោងនិងតូបរបស់ស្រ្តីក្រមុំចាស់ កាលពីថ្ងៃសៅរិ៍ទី១១ខែកញ្ញានោះពិតប្រាកដមែន ប៉ុន្តែលោកធ្វើតាមបញ្ជា របស់ថ្នាក់លើតែប៉ុណ្ណោះ
មិនមែនធ្វើដោយចិត្តឯងនោះទេ។
ចំណែកលោក ឡុង កុសល នាយកដ្ឋានផ្សព្វផ្សាយ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ព្រោះដីនោះនៅក្នុងបុរីទេសចរណ៍វប្បធម៌អង្គរ មិនទាន់បានកាត់ទេ ជាដីរបស់បុរីទេសចរណ៍វប្បធម៌អង្គរដែលអាជ្ញាធរអប្សរាកាន់កាប់ជារៀងរាល់ថ្ងៃ បើដីនោះជាដីកម្មសិទ្ធរបស់គាត់ក៏ដោយ ប៉ុន្តខាងមន្ត្រីបានចុះមកធ្វើកិច្ចសន្យា ជាមួយគាត់២ដងមកហើយ។លោកបន្តថា ចំពោះដីដែលគេធ្វើផ្ទះបាននោះ ព្រោះដីនោះត្រូវបានសម្តេចកាត់ឃ្វាលឱ្យរួចរាល់អស់មួយចំនួនហើយ ដីដែលកាត់ហើយនោះខាងមន្ត្រីអាជ្ញាធរអប្សរាមិនបានប៉ះពាល់ទេ។លោកបញ្ជាក់ថា ប៉ុន្តែទីតាំងដីដែលពាក់ព័ន្ធទាំងអស់នោះ លោកសួរទៅខាងនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ ហើយ គេបានប្រាប់មកវិញថា ទីតាំងដីដែលពាក់ព័ន្ធនៅកន្លែងទាំងនោះ សុំឱ្យរក្សាសភាពដើមសិន ប្រសិនបើមិនដូច្នោះទេ វានិងបាត់បង់ភាពដើម ហើយនិងងាយស្រួល កុំឱ្យមានការយល់ស្រឡំពីប្រវត្តិនៅទីតាំងដីនោះ ដោយសារគេហាមឃាត់នោះ ព្រោះជាទីតាំងដី ដែលពាក់ព័ន្ទមិនទាន់បានកាត់ចេញពីបុរីទេសចរណ៍វប្បធម៌អង្គរនៅឡើយ។លោកបញ្ជាក់ទៀតថាប្រសិនបើគាត់ចង់ធ្វើតារាងបាល់ទះដើម្បីគា្រន់បាន
កម្រៃយកទៅចិញ្ចឹមចៅនិងខ្លួនគាត់នោះ សូមឱ្យគាត់ដាក់ពាក្យ ព្រមទាំងភ្ជាប់មកជាមួយនូវលិខិតស្នាម ដែលមានយកមកឱ្យខាងអាជ្ញាធរជាតិអប្សរា
ដើម្បីឱ្យគាត់ ស្នើសុំទៅអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា ដើម្បីងាយស្រួលសម្រេច បើមិនដូច្នោះទេ ខាងនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ
មានការព្រួយបារម្មណ៍ ខ្លាចក្រែងថ្ងៃណាមួយ វាប្រែប្រួលនូវសភាពដើម ដូច្នេះសុំឱ្យគាត់ មកដាក់ពាក្យមកអាជ្ញាធរជាតិអប្សរា ជាមុនសិន។
គួររំលឹកផងដែរថា ស្ត្រីក្រមុំចំណាស់និងក្មួយព្រមទាំងចៅៗទាំងអស់សូមសំណូមពរដល់សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិង សម្តេច កិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនមេត្តា ជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារគាត់ផង ព្រោះដីគាត់នៅកណ្តាលដីដែលគេកាត់ឃ្វាលគ្រាន់តែធ្វើស្រែ,រោងនិងធ្វើតារាងបាល់ទះ គ្រាន់បានលុយតុងដែលគេជួលលេងនោះដើម្បីចិញ្ចឹមចៅនិងក្មួយព្រមទាំងខ្លួនឯងដើម្បីបានទៅសុំសីលផង ក៏មិនបានចុះគេធ្វើផ្ទះធំៗនៅសងខាងដីរបស់គាត់គេធ្វើបាន
ហេតុអីមិនទៅហាមឃាត់គេ វាហាក់ដូចជាអយុត្តិធម៌ណាស់សូមមតិសាធារណៈជួយពិចារណាផងដីនៅកណ្តាលគេតែមិនអាចកាន់កាប់បានហើយគេឆ្ងល់ថាដីឃ្វាលសងខាង
ហើយចុះដីគាត់នៅកណ្តាលហេតុដូចម្តេចបានជាមិនឃ្វាលឲ្យគាត់ផង៕