ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៥ កន្លងមកថ្មីៗនេះ ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃ គណៈ អភិបាល ខេត្តសៀមរាប បានអនុញ្ញាត ឲ្យឯកអគ្គរាជទូតថៃថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ណាត់ថាវុធ ផតសារ៉ូ ឯកអគ្គរាជទូតថៃ និងសហការី ចូលជួប ធ្វើការសំណេះសំណាល នៅអគាររដ្ឋបាល សាលាខេត្តសៀមរាប ។
ក្នុងឱកាសនោះ ឯកឧត្តម ឃឹម ប៊ុនសុង បានស្វាគមន៍ ចំពោះដំណើរ ចុះមកបំពេញបេសកកម្ម នៅលើទឹកដី ប្រវត្តិ សាស្ត្រអង្គរ-សៀមរាប ក្នុងគោលដៅពង្រឹង នូវចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ក្នុងការជម្រុញ នូវកិច្ចទំនាក់ទំនងពាណិជ្ជកម្ម ទេសចរណ៍ នៅតាមបណ្តាខេត្តជាប់ព្រំដែន ភូមិផងរបងជាមួយគ្នា ។ ឯកឧត្តម ក៏បានលើកឡើងពី រមណីយដ្ឋានធម្មជាតិអង្គរ ជាតម្រូវការចាំបាច់របស់ខេត្តសៀមរាប នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងការបម្រើដល់ភ្ញៀវទេសចរណ៍ រួមមានផ្សារទំនើបៗ និងទីកន្លែងកម្សាន្ត នៅពេលរាត្រី ដើម្បីជម្រាបឲ្យ ឯក ឧត្តម ឯកអគ្គរាជទូតថ្មី ជួយជម្រុញដល់អ្នកវិនិយោគ នៃព្រះរាជាណាចក្រថៃ ចូលមកវិនិយោគ នៅខេត្តសៀមរាប ទាំងវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ផងដែរ ។
ឯកឧត្តម ណាត់ថាវុធ ផតសារ៉ូ បានសម្តែងនូវការកោតសសើរ ពីភាពរីកចម្រើន របស់ខេត្តសៀមរាប ក្នុងរយៈ ពេលជាង២០ឆ្នាំមក បានធ្វើឲ្យខេត្តប្រវត្តិសាស្ត្រមួយនេះ មានការ អភិវឌ្ឍន៍លើកគ្រប់វិស័យ សំខាន់វិស័យ ទេស ចរណ៍ ។ ឯកឧត្តមបានបន្តទៀតថា ខេត្តសៀមរាបជាដួងព្រលឹង នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រាង្គ ប្រា សាទអង្គរ ដែលជាសម្បត្តិអច្ឆរយៈ ដែលជាប្រភពចំណូលមិនចេះរីងស្ងួត លើវិស័យសេដ្ឋកិច្ចទេសចរណ៍ របស់កម្ពុជា ។ ឯកឧត្តម ក៏បានឲ្យដឹងផងដែរថា ព្រះរាជាណាចក្រ ថៃ នឹងមានផែនការរៀបចំដាក់នូវ អគ្គកុងស៊ុល ប្រចាំខេត្ត សៀមរាប ក្នុងភាពងាយស្រួលលើកិច្ចប្រតិបត្តិការ ទំនាក់ ទំនងនឹងគ្នា លើវិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម និង ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ ។ ឯកឧត្តមបានបន្ត កិច្ចសហប្រតិបត្តិការ ជាមួយខេត្តសៀមរាបជា ការជម្រុញ ដល់អ្នកវិនិយោគទុនថៃ មកធ្វើផ្សារទំនើប នៅក្រុងសៀមរាប ក្នុងគោលដៅបម្រើដល់ វិស័យទេសចរណ៍ ដើមី្បបំពេញ តម្រូវការបម្រើ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។
ឯកឧត្តម ណាត់ថាវុធ ផតសារ៉ូ បានលើកឡើង អំពីភាពគ្រោះថ្នាក់ ចំពោះការតាំង ពិព័ណ៌ពាណិជ្ជកម្ម កម្ពុជា ថៃ ទាំងរាល់ទំនិញ ពុំមានគុណភាព និងមានគុណភាព សូមឲ្យអាជ្ញាធរខេត្ត មានការប្រុង ប្រយ័ត្នខ្ពស់ ចំពោះក្រុមដឹកនាំ តាំងពិព័ណ៌ពាណិជ្ជកម្ម មកពីប្រទេសថៃ មួយចំនួនពុំបានសុំច្បាប់ត្រឹមត្រូវឡើយ ។ ព្រោះថារយៈពេលកន្លងមកនេះ ការនាំចូលផលិតផលពាណិជ្ជកម្មថៃ មកតាំងពិព័ណ៌នៅកម្ពុជា មានចំនួន ៦០លើក ក្នុងនោះមានតែ០៤ (បួន)លើកទេ បានឆ្លងកាត់អគ្គរាជទូតថៃប្រចាំនៅកម្ពុជា ហើយរាល់ផលិតផល ដែលចូលមកនេះ មិនត្រូវតាមស្តង់ដារ និង ពុំមាន គុណភាព ដែលធ្វើឲ្យមានផលប៉ះពាល់ ដល់សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដោយឡែកការតាំង ពិព័ណ៌ផលិតផលកម្ពុជា-ថៃនេះ ក៏ជាការទាក់ទង ទៅនឹងវិស័យទេសចរណ៍ផងដែរ ៕
ដោយ៖ មា ឌួង/ ប៊ុនធឿន