ខេត្តមណ្ឌលគីរី៖ ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ឧកញ៉ាថៃនិងកូនចៅ សព្វថ្ងៃបាននិង កំពុងចេញមុខដោយចំហ ក្នុងការប្រព្រឹត្តបទល្មើសរកស៊ីឈើ និងកាងឈើឲ្យឈ្មួញដទៃទៀត ដឹកតាមរថយន្តយីឌុប ប្រភេទជាឈើប្រណីតជាដើម យកចេញទៅប្រទេសវៀតណាម។ប្រភពដដែលបានបញ្ជាក់ថា ឧកញ៉ា ថៃ និងគូកន ឈ្មោះ ត្រេង ធី ដែលកន្លងមក ជាឈ្មួញរកស៊ីឈើដ៏មានឥទ្ធិពលម្នាក់ នៅខេត្តមណ្ឌលគិរី កំពុងតែសហការគ្នា បង្ហាញពីភាពខ្លាំង របស់បក្សពួកខ្លួន ព្រោះក្រុមឈ្មួញមានឥទ្ធិពលខាងលើ បានចេញមុខកាងឲ្យឈ្មួញ និងរថយន្តដឹកឈើខុសច្បាប់ជាច្រើនករណី ហើយក៏គ្មានសមត្ថកិច្ចណា ហ៊ានបង្ក្រាបបទល្មើស របស់ក្រុមឩកញ៉ាថៃដែរ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ឧកញ៉ា ថៃ បានប្រមូលទិញឈើ ក្នុងទឹកដីខេត្តមណ្ឌលគិរី ដឹកតាមរថយន្តយីឌុប ចូលមកតាមផ្លូវរលួស ស្រែជៀស ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ បុកមកផ្លូវជាតិលេខ៧ ឆ្ពោះទៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូន ដោយគ្មានសមត្ថកិច្ចណា ហ៊ានបង្រ្កាប និងយកទៅ ចែកចាយស្តុកទុកផង ដឹកទៅលក់នៅប្រទេសយួនផង។ ប្រភពដដែលបានបញ្ជាក់ថា ឈ្មួញមានឥទ្ធិពលខាងលើនេះ មានទំនាក់ទំនងយ៉ាងស្អិតរមួត និងពូកែសំរបសំរួល ជាមួយមន្ត្រី ជំនាញមកពីច្រើនអង្គភាព ដាក់ប៉ុស្តិ៍ឈរជើងតាមដងផ្លូវ ដែលរថយន្ត ដឹកឈើឆ្លងកាត់ ដោយពុំជួបឩបសគ្គណាមួយឡើយ។
បច្ចុបន្បនេះ មេឈ្មួញរកស៊ីឈើខុសច្បាប់ គឺឧកញ៉ា ថៃ ដោយមានការជួយជ្រោមជ្រែង ពីលោកឧកញ្ញ៉ាម្នាក់ទៀត ដែលជាប្រធានក្រុមហ៊ុនប្រាយវ៉េគ្រុប ជាខ្នងបង្អែកដ៏រឹងមាំ សម្រាប់ឩកញ៉ាថៃ រកស៊ីជំនួញឈើខុសច្បាប់ រហូតសព្វថ្ងៃនេះ។
ជុំវិញបទល្មើសព្រៃឈើ ដែលប្រព្រឹត្តដោយឧកញ៉ា ថៃ និងបក្ខពួកនេះ មានបុគ្គលម្នាក់ទៀតឈ្មោះ ត្រេង ធី ដែលជាសមត្ថកិច្ចមួយរូប ត្រូវគេដឹងថា មានតួនាទីជាមេការ របស់ឩកញ៉ាថៃ រៀបចំដឹកជញ្ជូនឈើពីក្នុងព្រៃ ទៅកាន់គោលដៅនានា និងដឹកឆ្ពោះទៅព្រំដែនយួនជាដើម។
មួយវិញទៀតឈ្មោះ ត្រេង ធី គឺជាអ្នកចេញមុខរត់ការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធឲ្យឧកញ៉ាថៃ ប្រព្រឹត្តបទល្មើសដឹកឈើប្រណីតយ៉ាងរលូន។ ប្រជាពលរដ្ឋ ខេត្តមណ្ឌលគិរី បានត្អូញត្អែរថា ព្រៃឈើនៅខេត្តមណ្ឌលគិរី កាន់តែរងការវិនាសហិនហោចពីមួយថ្ងៃទៅមួយថ្ងៃរិចរិលទៅ តែផលប្រយោជន៍ពីព្រៃឈើទាំងនោះ ភាគច្រើនធ្លាក់ទៅលើមន្ត្រីមានអំណាច និងឈ្មួញខិលខូច ខណៈប្រជាពលរដ្ឋមូលដ្ឋាន មានជីវភាពក្រីក្រ ទទួលបានផលប្រយោជន៍ បន្តិចបន្តួច ចំណែកព្រៃឈើ ច្បាស់ជារលាយអស់ ដោយសារស្នាដៃក្រុមឩកញាថៃ។
ពុំអាចសុំការបំភ្លឺ ពីឩកញ៉ាថៃបានឡើយ ព្រោះពុំមានលេខទូសព្ទ័ ៕ ដោយ៖ មា ឌួង