កំពង់ធំ៖ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ដឹកនាំកម្លាំងសមត្ថកិច្ច ប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ធំ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះបង្រ្កាបទូកកាណូត ដែលដឹកជញ្ជូនផលនេសាទ ដោយគ្មានច្បាប់អនុញ្ញាតិ និងទប់ស្កាត់ការប្រើប្រាស់ ឧបករណ៍នេសាទ ដោយខុសច្បាប់ នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៥។
កិច្ចសហប្រតិបត្តិការ បង្រ្កាបទូកនេសាទចំនួន៤ ទូក ចំនុចពាមអញ្ចាញ ឃុំពាមអញ្ចាញ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលបានដឹកកូនត្រី ដែលបានមកពីការប្រើប្រាស់
បទល្មើសនេសាទ.ដែលត្រូវបានហាមឃាត់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះមានកូនត្រីចម្រុះគ្រប់ប្រភេទប្រមាណ ជាង៤០០គីឡក្រាម បានមកពីការដាក់សាច់អ៊ុយ ស្បៃមុង ដាក់ដៃ ស្ថិតនៅក្នុងដែន គ្រប់គ្រង របស់លោកជិន ស៊ីថា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍ ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញា បានបញ្ជាឲ្យនាំយកកាណូត ទាំងអស់ មកកាន់ផ្នែករដ្ឋបាលជលផលសំបូរ ដែលមានលោក គូប៊ុន តឹង ជានាយផ្នែក ក្រោយពីពិនិត្យវត្ថុតាង ដែលមានកូនត្រី ដែលមិនទាន់គ្រប់អាយុ បានធ្វើការព្រលែង ចូលស្ទឹងតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា ប្រជានេសាទ ដែលប្រកបមុខរបរ ជាអ្នកនេសាទ ស្ទើរតែទាំងអស់ បានលក់ឲ្យម៉ូយត្រីដែលចាំទិញ ឈ្មោះ តារៀម មានផ្ទះក្បែរស្នាក់ការផ្នែករដ្ឋបាលជលផលសំបូរ ព្រមទាំងបានបញ្ជាក់ថា តារៀមនេះជាអ្នកចេញដើមទុន អោយអ្នក នេសាទខ្ចីលុយ ក្នុងការទិញឧបករណ៍នេសាទខុសច្បាប់ ហើយអ្នករកត្រី ត្រូវតែមកលក់ឲ្យខ្លួន។
តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា បញ្ហារការប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់ បានកើតឡើងពេញស្រុកបារាយណ៍ ដែលអ្នកនេសាទបានដាក់ស្បៃមុង អ៊ុយ និងស្បៃសាច់ក្រហម ពាស់ពេញត្រៀបត្រាពេញផ្ទៃទឹក ដែលមានក្នុង១ម្ចាស់២គីឡូម៉ែត្រ និងដាក់ខ្វាត់ខ្វែង ក្រោមការគ្រប់គ្រង់របស់លោក ជិន ស៊ីថា នាយសង្កាត់ រដ្ឋបាលជលផលបារាយណ៍ ប្រភពបានបន្ត ថាមុននឹងដាក់បទល្មើសនេសាទនេះ គឺលោកបាន បង់លុយជូនមន្ត្រីរដ្ឋបាលជលផល ក្នុងមួយទូក ៦០ម៉ឺរៀលក្នុងមួយរដូវ ហើយនៅបង់ថ្លៃដាក់សាច់ ដែលជាឧបករណ៍នេសាទទៀត ។
ប្រជាពលរដ្ឋ សម្តែងសេចក្តីរីករាយយ៉ាងខ្លាំង នៅពេលដែលពួកគាត់ រស់នៅក្បែរស្ទឹងសោះ បែរជាទិញត្រី ដែលគេមកចិញ្ចឹមមកហូប ដែលវាខុសពីសម័យមុន គ្រួសាររបស់គាត់ មិនបាច់ភ័យព្រួយ រឿងអត់ត្រីហូបទេ គឺគ្រាន់តែដាំទឹកចាំ ទាញសំណាញ់មកបង់នៅមុខផ្ទះ ក៏បានត្រីដែរ ជាពិសេសអង្គុយដងត្រី តែមុខផ្ទះក៏បានត្រីយកមកធ្វើម្ហូបដែរ ដែលវាខុសពីពេលនេះ ផ្ទះនៅនឹងស្ទឹង រស់នៅក្បែរទឹក ជាច្រើនតំណរ បែរជារត់ទៅទិញត្រីល្អិតតូចៗនៅនឹងផ្សា ក្នុង១គីឡូ ២ម៉ឺនរៀលឯណោះ ហើយសំណូមពរ ឲ្យលោក ព្រះរាជអាជ្ញា ដឹកនាំ ការបង្រ្កាបបទល្មើសនេសាទ ទប់ស្កាត់ការប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់ជាប្រចាំ ប្រជាពលរដ្ឋបានបន្តថា ដោយសារតែពួកនេះឯង នាំគ្នាដាក់បទល្មើសនេសាទ ប្រមូលយកត្រីតូចធំអស់គ្មានសល់ រកតែត្រីធំមិនទាន់ នាំគ្នាឆក់ត្រជាក់ឆក់ក្តៅ យកមកកិនឲ្យត្រីឆ្តោរ យកមកធ្វើចំណីក្រពើ ចំណែកមនុស្សនាំគ្នាទិញត្រី ចិញ្ចឹមមក ពីថៃ មកពីវៀតណាម ធ្វើជាម្ហូបទៅវិញ ហើយបើគ្មានការទប់ស្កាត់ទេ ស្ទឹង បឹង បួរ និងទន្លេសាប សល់តែទឹក គ្មានត្រីឲ្យនៅសេសសល់ទេ។
កម្លាំសមត្ថកិច្ច ដឹកនាំដោយ ព្រះរាជអាជ្ញាខេត្តកំពង់ធំ ចុះបង្រ្កាបការដឹកជញ្ជូន ផលនេសាទ ដោយគ្មានច្បាប់អនុញ្ញាតិ
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី