វិបត្តិជនភៀសខ្លួន មកពីតំបន់មជ្ឈឹមបូព៌ា ត្រូវបានគេទម្លាក់កំហុស ទៅលើមេដឹកនាំ នៅក្នុងតំបន់អឺរ៉ុប ដែលបង្ករឲ្យមានវិបត្តិ នៅក្នុងប្រទេសស៊ីរី ក៏ដូចជាតំបន់ផ្សេងទៀត នៅលើពិភពលោក។ វិបត្តិអូសបន្លាយ ធ្វើឲ្យជនភៀសខ្លួន កាន់តែកើនឡើង ដោយមិនអាចរស់នៅ ក្រោមគ្រាប់កាំភ្លើង ហោះឆ្វែងឆ្វាត់នោះឡើយ។ មូលហេតុទាំងនោះហើយ បានធ្វើឲ្យពលរដ្ឋនៅក្នុងប្រទេសស៊ីរី ក៏ដូចជាអីរ៉ាក់ នាំគ្នាសម្រុកចូលតំបន់អឺរ៉ុប ដោយឆ្លងកាត់គ្រោះថ្នាក់ជាច្រើន សង្ឃឹមថាបានរស់នៅយ៉ាងសុខសាន្ត។
បច្ចុប្បន្ន អឺរ៉ុបកំពុងប្រឈម និងបញ្ហាជាច្រើនពាក់ព័ន្ធជនភៀសខ្លួន ហើយពលរដ្ឋជាច្រើន ក៏បាននាំគ្នាធ្វើបាតុកម្ម ឲ្យរដ្ឋាភិបាលមានការសណ្តុះប្រណី ដល់ជនភៀសខ្លួនទាំងនោះ ដែលបានឆ្លងកាត់ នៅគ្រោះថ្នាក់ជាច្រើន ទើបមកដល់តំបន់អឺរ៉ុប ។ ដូច្នេះអឺរ៉ុបមិនអាចធ្វើប្រងើយ បោះបង់ពួកគេ ចោលមិនខ្វាយខ្វល់បានឡើយ។ ចំណុចទាំងនោះហើយបានជា ប្រទេសមួយចំនួននៅអឺរ៉ុប សម្រេចទទួលយកជនភៀសខ្លួន មកពីប្រទេសស៊ីរី។ កន្លងមកថ្មីៗប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង បានសម្រេច ទទួលយកជនភៀសខ្លួនស៊ីរី។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវិដកាមឺរ៉ុន បានប្រកាសសន្យាថា នឹងទទួលយកជនភៀសខ្លួន២០.០០០នាក់ មកពីស៊ីរីក្នុងរយពេល៥ឆ្នាំខាងមុខ។
ការសម្រេចចិត្តខាងលើ របស់រដ្ឋាភិបាលអង្គគ្លេសកើតឡើង ក្រោយពេលមានរូបភាពកុមារម្នាក់ ដេកស្លាប់នៅឆ្នេរសមុទ្រទួគី ធ្វើឲ្យរលកបាតុកម្មកាន់តែកើនឡើង អំពាវនាវដល់រដ្ឋាភិបាលអង់ គ្លេស មានវិធានការ ជួយដល់ពលរដ្ឋស៊ីរី ដែលបានរត់គេចចេញពីសង្គ្រាមស៊ីវិល និងក្រុមអិស្លាមបង្កើតរដ្ឋ។ នាយករដ្ឋមន្ត្រីអង់គ្លេស បញ្ចាក់ថាការជួយដល់ពលរដ្ឋស៊ីរី តាមស្មារតីមនុស្សធម៌ របស់ពលរដ្ឋអង់គ្លេស។ ជាមួយគ្នានេះដែរ បារាំងក៏បានប្រកាសទទួល ជនភៀសខ្លួន១ពាន់នាក់ ក្នុងរយពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីជួយកាត់បន្ថយអម្រែកដ៏ធ្ងន់របស់ប្រទេសអាល្លឺម៉ង ក្នុងការដោះស្រាយវិបត្តិជនភៀសខ្លួន។
កន្លងមកប្រទេសហុល្លង ក៏បានប្រកាសថា និងទទួលជនភៀសខ្លួនជាង២៤ពាន់នាក់។ ការជួយទាំងនោះធ្វើឡើង ក្រោយមានសំណើរពីប្រទេសអាល្លឺម៉ង ឲ្យប្រទេសតំបន់អឺរ៉ុបទាំងមូល ជួយចែករំលែកគ្នា ទទួលយកជនភៀសខ្លួន៕
វិបត្តិជនភៀសខ្លួន នៅប្រទេសស៊ីរី បង្ករឡើងដោយអឺរ៉ុប ដូច្នេះអឺរ៉ុប ត្រូវតែទទួលខុសត្រូវ
Filed in: ព័ត៌មានថ្មី, អន្តរជាតិ