ខេត្តកំពង់ធំ៖ នៅវេលាម៉ោងប្រមាណ ១៧ និង ៣០នាទី កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប សហការណ៍ជាមួយកម្លាំងចម្រុះ បានធ្វើការស្ទាក់ឃាត់ កាឡេថងដឹកឈើបាន ២គ្រឿង ហើយធ្វើការពិនិត្យមើលទើបដឹងថាកាឡេថងទាំងនោះ ប្រើរូបភាពដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និង មហាជនតែប៉ុណ្ណោះ។កាឡេថងចំនួន ២គ្រឿងដែលត្រូវបានកម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប សហការជាមួយកម្លាំងចម្រុះធ្វើការបង្ក្រាបបាន ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលធ្វើការឆែកឆេរមើលបាននឹកស្មានមិនដល់ថាប្រើរូបភាពសត្វកណ្តុរកណ្តៀរ ព្រោះពេលទំលាក់អុសចុះស្រាប់តែឃើញ មានឈើយ៉ាងច្រើន។
លុះព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្របពេលកម្លាំងអធិការរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប កំពុងធ្វើការពិនិត្យមើលបទល្មើសជាក់ស្ដែង ស្រាប់តែលេចមុខជនមួយក្រុមមិនស្គាល់អត្តសញ្ញាណ ទំនងជាបក្ខពួកជនល្មើស បានចូលមកក្នុង ទីតាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្នុងគោលបំណងរំដោះវត្ថុតាង ដោយប្រើអាកប្បកិរិយា ច្រង៉េង ច្រង៉ាង ថែមទៀតផង។
កម្លាំងរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបបានឲ្យដឹងថា តាមការពិនិត្យជាក់ស្ដែង កាឡេថងទាំងនោះ ដឹកប្រភេទឈើចម្រុះលេខ២ ហើយក្នុង១កាឡេថង ដឹកចាប់ពី ៨ផ្លានទៅ ១គីប ដោយប្រើរូបភាពដាក់អុសបាច់ពីលើ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចជំនាញ និងមហាជនប៉ុណ្ណោះ។
យោងតាមរបាយការណ៍ សមត្ថកិច្ចរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបឲ្យដឹងថា ជនល្មើសទី១ ឈ្មោះ សឿន ឆោម អាយុ១៩ឆ្នាំ និង ទី២ ឈ្មោះ មាន ពេជ ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំង២ រស់នៅភូមិទោង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។
យោងតាមលោកនាយរដ្ឋបាលព្រៃឈើអធិការខាងជើងបឹងទន្លេសាបបានអោយដឹងថា ធាតុពិតករណីខាងលើនេះគឺមន្ត្រីជំនាញយើងគ្រាន់តែចង់អោយពួកគាត់មកធ្វើកិច្ចសន្យា ហើយប្រគល់កាឡេថង ២គ្រឿង ខាងលើអោយទៅវិញ តែចំណែកឈើនោះ គឺរក្សាទុក ក៏ប៉ុន្តែខណះពេលមន្ត្រីជំនាញយើងកំពុងទំលាក់ឈើចេញពីកាឡេថង ២គ្រឿងស្រាប់តែលេចមុខជនល្មើសបានហៅបក្ខពួកនិងស្ត្រីម្នាក់ទៀតបានមកស្រែកឡូឡា និងរេរាំងសមត្ថិច្ចជំនាញកំពុងអនុវត្តការងារផងដែរ ។
បច្ចុប្បន្នវត្ថុតាងខាងលើនេះទាំងអស់ត្រូវមន្ត្រីជំនាញរក្សាទុក នៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីចំណាត់ការបន្តតាមនីតិវិធី៕