រាជធានីភ្នំពេញ ៖ តាមរយលិខិតផ្លូវការរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្តេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានស្នើឱ្យគណបក្សភ្លើងទៀន ត្រូវធ្វើការពិនិត្យឡើងវិញ និងអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយ ពាក់ព័ន្ធនឹងករណីមិនប្រក្រតី ក្នុងការតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន។
យោងតាមលិខិតក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងបានពិនិត្យឃើញថា ការតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន តាមរយៈសេចក្តីសម្រេចដូចចុះក្នុងយោងខាងលើ គឺជាការអនុវត្តផ្ទុយទៅនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតលេខ ៥៧៩ សជណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា ២៦ថ្មី នៃច្បាប់ ស្តីពីគណបក្សនយោបាយ។
សូមជម្រាបថា លោក សុន ឆ័យ ជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ផ្តល់នីតិសម្បទាធ្វើនយោបាយ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕