ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃ ទី១១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសាលាធម្មសភា ផ្លូវបេតុង និងសមិទ្ធផលនានាដែលមានតម្លៃជិតកន្លះលានដុល្លា និងសំណេះសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវត្តជលធារាសម្បត្តិ (វត្តជប់) ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ថ្លែងក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាឱកាសនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំបណ្តាំសួរសុខទុក្ខពីថ្នាក់ដឹកនាំ កំពូល របស់ជាតិ និងកោតសរសើរ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់លំដាប់ថ្នា ក់ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធស្រុកព្រះនេត្រព្រះ ដែលបានចូលរួមចំណែក ពង្រឹងនិងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កសាង និងអភិវឌ្ឍ សេដ្ឋកិច្ច សង្គមស្តារបានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អភិវឌ្ឍវិស័យវប្បធម៌ សាសនា សុខាភិបាល សង្គមកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនទៅតាមគន្លងប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩ ។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននឹងកំពុ ង ធ្វើដំណើរក្នុងជំហរដ៏រឹងមាំឆ្ពោះទៅកាន់អនាគតភ្លឺស្វាង មានសន្តិភាព និងការអភិវឌ្ឍជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។ ការអនុវត្តនូវគោល នយោ បាយអភិវឌ្ឍឃុំ/សង្កាត់ បានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិចាក់ឬសកាន់តែជ្រៅ ក្រុមប្រឹក្សាឃុំ/សង្កាត់ទទួលបានសិទ្ធិ អំណាច មុខងារចាត់ចែងអភិវឌ្ឍនិងផ្តល់សេវាសាធារណៈកាន់តែមានគុណភាពល្អប្រសើរឆ្លើយតបទាន់ ពេលវេលានូវតម្រូវការជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវ ថ្នល់ វត្តអារាម អគ្គិសនី សាលារៀនកូនចៅបានរៀនសូត្រមានការងារធ្វើ ចៀសផុតបានពីអំពេីអបាយផ្សេងៗមានគ្រឿងញៀនជាដើម។
ជាមួយគ្នានេះ ជាថ្មីម្តងទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យបានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ថែរក្សាបាននូវសុខសន្តិភាព និងសូមបន្តថែរក្សានូវសុខសន្តិភាព នេះឱ្យបានគង់វង្ស និងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានរបស់យើងរីកចម្រើនទៅមុខ។
ជាទ្រនាប់ដៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយជាថវិកា ចែកជូន:
១. ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងស្រុក ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗថវិកា៥០ម៉ឺនរៀល
២. ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបានសារុង១
៣.ឧបត្ថម្ភសសយក កាកបាទក្រហម កាយរិទ្ធ និងក្រុម ការងារអភិវឌ្ឍយុវជន ខេត្តបន្ទាយមានជ័យ ៦០នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល ។
៤.លោកគ្រូ អ្នកគ្រូ ២០នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល ផងដែរ ៕