ខេត្តបន្ទាយមានជ័យ ៖លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធខេត្តបន្ទាយមានជ័យ បានជួយថវិការស្តារអាង និងដាក់លូ ដល់ប្រជាកសិករធ្វើស្រូវប្រាំង ដែលជួបគ្រោះរាំងស្ងួត និងដឹកនាំកម្លាំង ចុះពិនិត្យស្ថានភាពជាក់ស្តែង កាលព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិសាស្ត្រ ភូមិតាអ៊ិន១ ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រាប់ថា ៖ ដោយមានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលកងខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រៅពីការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ គឺកម្លាំងកងរាជអាវុធហត្ថ ត្រូវមានភារៈកិច្ចជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ ជាក់ស្តែង ប្រជាកសិករធ្វើស្រែកំពុងជួបគ្រោះរាំងស្ងួត នៅភូមិតាអិន១ ឃុំស្រះរាំង ស្រុកមង្គលបូរី ។
លោកបានបញ្ជាក់ថា ៖ ក្រោយពេលដែលចុះពិនិត្យស្ថានភាពប្រជាកសិករ ដែលជួបគ្រោះរាំងស្ងួតហើយ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានជួយលូចំនួន ៨ កង់ដើម្បីដាក់រំដោះទឹក ពីប្រឡាយមេសំណង់ពោធិ៍២ ដើម ចូលទៅក្នុងប្រព័ន្ធចែកចាយទឹកក្នុងភូមិតាអ៊ិន១ ឃុំស្រះរាំង ហើយជួយថវិការស្តារអាងទឹក អូរពោធិ៍ ចំនួន១០ម៉ោង លោកជួយចំនួន ៥ ម៉ោង ក្នុង១ម៉ោងតំលៃ ១.៣០០ បាត ។
លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ បានបន្តថា ៖ រយៈពេលកន្លងមក ឃុំស្រះរាំងស្រុកមង្គលបូរី ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួយដល់ប្រជាពលរដ្ឋគ្រួសារក្រីក្រ និងជួយលើវិស័យកសិកម្មផងដែរ៕