តាមប្រភពពី ប្រជាពលរដ្ឋរស់នៅ ឃុំគោកមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានអោយដឹង ថា ក្រៅពីកសិផល ដែលនាំចេញទៅលក់នៅប្រទេសសៀម សូម្បីតែទំនិញបន្តិចបន្តួច ដែលប្រជាពលរដ្ឋ ទៅទិញពីប្រទេសសៀម យកមកលក់នៅតាមផ្ទះ ក៏ត្រូវតែបង់លុយ អោយលោកគយច្រកបឹងត្រកួន បើមិនព្រមបង់លុយទេ នោះ លោកគយ នឹងឃាត់រថយន្តមិនឲ្យទៅណាឡើយ ។ ផ្ទុទៅវិញ បើរថយន្តកាមរីដឹកទំនិញគេចពន្ធ ដូចជា ហ្គាស សាំង ទំនិញចាប់ហួយ និងទំនិញគេចពន្ធ ជាច្រើនទៀត ដែលបានសំរបសំរួលបង់លុយជូនលោក គយរួចរាល់ គឺអាចឆ្លងដែនបាន យ៉ាងស្រួលហើយមាន អ្នកចាំបើកបារ៉ាសឲទៀតផង ។
ចំណែកប្រជាពលរដ្ឋ នាំស្រូវចេញទៅលក់ឲ្យ សៀម តាមច្រករបៀង រិះគន់ ថា មេគយច្រកតំបន់បឹងត្រកួន បានប្រើមនុស្សមិនមែនជាមន្ត្រីគយ ចាំស្ទាក់យកលុយពី រថយន្តដែលដឹកទំនិញកសិផលដូចជា ស្រូវ ដំឡូង តាមរយៈការដាក់កុងត្រូលជជុះមួយកន្លែង ដែលនៅឆ្ងាយពីមាត់ច្រកទ្វារតំបន់បឹងត្រកួនប្រហែល៦គីឡូម៉ែត្រ ក្នុងឃុំគោកមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ប្រភពបាន ឲដឹងថា ក្នុងមួយរថយន្តយីឌុប ត្រូវបង់លុយជូនមន្ត្រីគយ តាមរយៈចៃគយដែលប្រចាំការនៅទីនោះ ៥០០បាត ឬ៥ម៉ឺនរៀល ចំណែករថយន្តកង់៦ គឺបង់៣ម៉ឺនរៀល ហើយបើឈ្មួញមិនព្រមបង់ មន្ត្រីគយនឹងឃាត់ មិនឲ្យរថយន្តចេញរួចនោះឡើយ។
ប្រធានការរិយាល័យគយ ច្រកទ្វារតំបន់បឹងត្រកួន លោក ឡាំ ប៊ុនថន ត្រូវបានប្រជាពលរដ្ឋសង្ស័យ ថា គឺជាអ្នកនៅពីក្រោយ ការដាក់ប៉ុស្តិ៍ជជុះ តាមផ្លូវដែលមិនមែនជាទីស្នាក់ការគយ សំរាប់ប្រមូលពន្ធនៅមាត់ច្រក ពីឈ្មួញដឹកកសិផលនាំចេញ ទៅលក់នៅប្រទេសសៀម តាមច្រករបៀង ក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រភពដដែលបានបញ្ជាក់ថា ទីតាំងជជុះដែល គយច្រកទ្វារតំបន់បឹងត្រកួន ដាក់ប៉ុស្តិ៍ចាំយកលុយពី ឈ្មួញនាំចេញនាំចូលទំនិញគេចពន្ធ ឬក៏កសិផលឆ្លងដែន រវាងប្រទេសកម្ពុជា និងប្រទេសសៀម គឺស្ថិតនៅតាមផ្លូវទៅកាន់ ច្រកបឹងត្រកួនក្នុង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានចម្ងាយពីច្រកបឹងត្រកួន ប្រមាណជា៦គីឡូម៉ែត្រ។
លោក ឡាំប៊ុនថន មិនអាចសុំការបំភ្លឺបានឡើយ ចំណែកប្រជាពលរដ្ឋ សុំអោយលោកអភិបាលខេត្តបន្ទាយមានជ័យ ជួយមើលផ្លូវផង ព្រោះរាស្រ្តកំពុងក្តៅក្រហាយ។