ភ្នំពេញ៖ មន្ត្រីអគ្គិសនីកម្ពុជា ប្រកាសថាប្រជាពលរដ្ឋអាចប្រើប្រាស់នាឡិកាស្ទង់អគ្គិសនីដោយខ្លួនឯងបាន ប្រសិនបើពួកគាត់មិនទុកចិត្តនាឡិកាវាស់ស្ទង់របស់ស្ថាប័នអគ្គិសនីកម្ពុជាក្នុងការកំណត់ថាមពលអគ្គិសនី។
លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា មានប្រសាសន៍បែបនេះនៅក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងអគ្គិសនីកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។
លោក កែវ រតនៈ មានប្រសាសន៍ថា អ្នកប្រើប្រាស់មិនគួរប្រើអារម្មណ៍របស់ខ្លួន មកវាស់ថាមពលអគ្គិសនី នៅតាមគេហដ្ឋានរបស់ខ្លួនទេ ដោយលោកថានេះជាវិទ្យាសាស្ត្រពិត។ លោកបន្ថែមទៀតថាបើក្នុងករណីមានការធ្វេសប្រហែសពីបុគ្គលិកអំពីការកត់ចំនួនថាមពលប្រើប្រាស់ផ្សេងនោះ អគ្គិសនីកម្ពុជានឹងសងវិញនៅខែបន្ទាប់ ហើយបើសិនជារកឃើញកំហុសនោះមែន បុគ្គលិកក៏ប្រឈមមុខនឹងការដេញចេញផងដែរ។
លោក កែវ រតនៈ បានថ្លែងថា៖”កុងទ័ររបស់អគ្គិសនីកម្ពុជាគឺជាកុងទ័រដែលមិនបានច្នៃប្រឌិតដោយខ្លួនឯងទេ ការដេញថ្លៃជាសាធារណៈបានកុងទ័រមកពីបរទេសគឺមានផ្លុំបេរបស់រោងចក្រ”។ លោកបញ្ជាក់បន្ថែមថា៖”ប្រសិនបើអតិថិជនរបស់ EDC ណាមួយយល់ថាកុងទ័ររបស់យើងមិនត្រឹមត្រូវ បងប្អូនអាចទិញកុងទ័រពីផ្សារដោយខ្លួនឯង សុំកុំឲ្យតែផ្លុំបេនោះវាដាច់ ហើយជាម៉ាកមួយដែលពិភពលោកទទួលស្គាល់”។