កោះកុង ៖ ប្រជាជនវៀតណាមដែលចូលមកនេសាទខុសច្បាប់ក្នុងទឹកដីប្រទេសកម្ពុជា ចំនួន២៦នាក់បន្ថែមទៀត ត្រូវសមត្ថកិច្ចខេត្តកោះកុងចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៤ កក្កដា ម្សិលមិញ នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ដោយធ្វើការឃាត់ទូកនេសាទចំនួន៧គ្រឿងផងដែរ។
សូមបញ្ជាក់ថា ការចាប់ឃាត់ខ្លួនជនជាតិវៀតណាមកាលពីរសៀលម្សិលមិញ គឺជាប្រតិបត្តិការលើកទី២របស់សមត្ថកិច្ចខេត្តកោះកុង ដែលដឹកនាំដោយលោក ញ៉ែម តារា ស្នងការរងនគរបាលខេត្តកោះកុង ទទួលបន្ទុកជនអន្តោប្រវេសន៍។ ដោយកាលពីលើកទី១ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែកក្កដា នៅចំណុចឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៣នាក់ និងទូកនេសាទ៤គ្រឿង។ សរុបមក ក្នុងប្រតិបត្តិការរយៈពេល២ថ្ងៃកន្លងមកនេះ សមត្ថកិច្ចខេត្តកោះកុងបានឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់ចំនួន៣៩នាក់ និងទូកនេសាទចំនួន១១គ្រឿង៕