ខេត្តបន្ទាយមានជយ័ ៖ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ ២០២០នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈ កម្មាធិកាជាតិគ្រប់គ្រង គ្រោះមហន្តរាយ ក្នុងឱកាសស្នាក់នៅ និងដឹកនាំបញ្ជាប្រតិបត្តិការសង្គ្រោះក្នុងខេត្តបន្ទាយមានជ័យ ក៏បានបន្តធ្វើដំណើរ ចុះត្រួតពិនិត្យការលិចលង់នៅក្នុងខេត្ត ហើយក៏បាននាំអំណោយចែកជូនប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារនៅក្នុងភូមិនាងកេត ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ឆ្លើយតបនឹងបញ្ហាចំពោះមុខកើតចេញពីជំនន់ទឹកភ្លៀងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បទ បញ្ជាដល់អាជ្ញាធរទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យរួមកម្លាំងគ្នាចុះជួយប្រជាពលរដ្ឋ។ គោលដៅចម្បងជួយសង្គ្រោះជីវិត ប្រជាពលរដ្ឋពីទឹកជំនន់ ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់មកគឺការរៀបចំស្បៀងអាហារ និងសម្ភារប្រើប្រាស់ចាំបាច់ ផ្សេងៗជូនដល់ពលរដ្ឋរងគ្រោះទាំងនោះ។
តបនឹងបទបញ្ជារបស់សម្តេចេជោអគ្គមេបញ្ជាការកំពូលនៃសមរភូមិគ្រោះមហន្តរាយនេះ មន្ត្រីថ្នាក់ជាតិ ក្រោមជាតិ អាជ្ញាធរ មូលដ្ឋានទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តរងការជន់លិច ដោយមានកម្លាំងជំនួយពីកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទផងនោះ បានចុះធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំបំផុតក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងការជន់លិច។
ក្រៅតែពីការជួយសង្គ្រោះមកកាន់ទីទួលសុវត្ថិភាពហើយនោះ ពលរដ្ឋដែលជម្លៀសត្រូវបានអាជ្ញាធររៀបចំផ្តល់ ស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗផងដែរ។ មិនត្រឹមតែពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាពនោះទេ ពលរដ្ឋដែលមានផ្ទះខ្ពស់ៗហើយមិនទាន់ជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនោះ ក៏ត្រូវបានអាជ្ញាធររៀបចំស្បៀងយក ទៅចែកជូនពួកគាត់នៅតាមខ្នងផ្ទះផងដែរ។