ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ (ប្រុស) ដែលសុទ្ធសឹងជាជនជាតិចិន ហើយបានសង្រ្គោះ ជនរងគ្រោះចំនួន ១០នាក់ (ប្រុស) បានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ម្សិលមិញ ។ ការចុះបង្ក្រាបនោះធ្វើឡើងនៅចំណុចក្រុម១២ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន ទូរស័ព្ទចំនួន ៦គ្រឿង ខ្នោះជើងចំនួន ៤គូ ខ្នោះដៃចំនួន១០ ស្រោមខ្នោះ ចំនួន ៤ ក្រណាត់រុំមុខ ចំនួន២ កាំបិតបុ័ងតោចំនួន ១ កំប៉ុងហ្គាស ចំនួន ២៥ លិខិតឆ្លងដែន ចំនួន១ កិច្ចសន្យាជួលផ្ទះ ចំនួន ១ អត្តសញ្ញាណប័ណ្ណចិន ចំនួន ១ច្បាប់។ ជនល្មើសរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីអនុវត្តតាមនិតិវិធីបន្ត៕