ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2020 ក្រុមអ្នកសារព័ត៌មានបានទៅយកព័ត៌មានពីប្រជាពលរដ្ឋជាច្រើនគ្រួសារ មកពីឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តកោះកុង បានលើកគ្នាមកតវ៉ាចំពោះក្រុមហ៊ុនមួយឈ្មោះសួនឧស្សាហកម្មកំពង់សីលា ដែលបាននិងកំពុងតែយកផ្លូវសាធារណៈរបស់រដ្ឋ ដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់ជារៀងរាល់ថ្ងៃ ទៅធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន និងព័ទ្ធបង្គោលរបង មិនឲ្យពលរដ្ឋអាចធ្វើដំណើរទៅមកចេញចូលបានឡើយ ដែលជាហេតុធ្វើឲ្យពលរដ្ឋរងទុក្ខលំបាក បាត់បង់ផ្លូវដឹកកសិផល ដែលជាស្នូលសេដ្ឋកិច្ចគ្រួសារ បណ្ដាលឱ្យពួកគាត់រងនូវផលប៉ះពាល់ដល់ជីវភាពកាន់តែក្រីក្រ ទើបសុំឲ្យរាជរដ្ឋាភិបាលជួយបើកផ្លូវឡើងវីញផង។
តាមបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមតវ៉ានៅទីតាំងកន្លែងបិទផ្លូវ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ផ្លូវដែលក្រុមហ៊ុនសួនឧស្សាហកម្មកំពង់សីលា បានធ្វើរបងបិទនេះ គឺជាផ្លូវសាធារណៈរបស់រដ្ឋ ដែលមានប្រជាពលរដ្ឋរាប់រយគ្រួសារ ធ្លាប់បានចេញចូលទៅចម្ការ ដឹកកសិផលទៅលក់នៅទីផ្សារ និងទៅប្រកបរបរផ្សេងៗ តាំងពីមិនទាន់មានក្រុមហ៊ុនខាងលើមកម្លេះ។ ស្រាប់តែនៅថ្ងៃទី២១ ខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនខាងលើបែរជាធ្វើរបងបិទផ្លូវដែលពួកគាត់ធ្លាប់ប្រើប្រាស់នោះ មិនឲ្យចេញចូលបានឡើយ ធ្វើឲ្យប្រជាពលរដ្ឋក្នុងឃុំទាំងមូល មានការលំបាកមិនអាចបររទេះ រថយន្ត និងយាន្តជំនិះផ្សេងៗទៅកាន់ចម្ការ ឬចេញចូលទៅមន្ទីរពេទ្យ សាលារៀនបានដូចមុនឡើយ ធ្វើឲ្យពលរដ្ឋទាំងអស់គ្នាកំពុងជួបបញ្ហាលំបាក ក្នុងជីវភាពគ្រួសារ ខណៈដែលសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពួកគាត់ កំពុងធ្លាក់ស្រាប់ផង។
ប្រជាពលរដ្ឋបានអះអាងទៀតថា ក្រោយពេលផ្លូវខាងលើត្រូវបានក្រុមហ៊ុនបិទ មិនត្រឹមតែធ្វើឲ្យពលរដ្ឋមិនអាចចូលដីចម្ការបានប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពួកគាត់ត្រូវធ្វើដំណើរតាមផ្លូវវាងរាប់គីឡូម៉ែត្រ ចំណាយពេលវេលាច្រើនទម្រាំទៅដល់គោលដៅ ដែលជាផ្សារ សាលារៀន ឬមន្ទីរពេទ្យ។
ចំណែកលោក ឱ ឆៃហៀង មេភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ បាននិយាយថា កាលពីឆ្នាំ១៩៩៤ ដីតំបន់ខាងលើនេះ រាជរដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគដីសម្បាទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនមួយឈ្មោះ យូនីផ្លែន តែក្រុមហ៊ុននេះមិនបានបិទផ្លូវនេះនោះទេ ដោយសារផ្លូវនេះមានស្រាប់ជាយូមកហើយ ក្រោយមកក្រុមហ៊ុននេះក៏បានសាងបន្តឲ្យក្រុមហ៊ុនថ្មីមួយទៀត ហើយក៏ស្រាប់តែកែប្រែពីដីរដ្ឋទៅជាដីឯកជនវិញ រួចក៏មានការបិទផ្លូវជាក់ស្តែងនេះតែម្តង។
លោក ឆាយ ជាងហេង មេឃុំអូរបាក់រទេះ ស្រុកកំពង់សីលា បានឲ្យដឹងថា ករណីទំនាស់រវាងពលរដ្ឋ និងក្រុមហ៊ុនសួនឧស្សាហកម្មកំពង់សីលានេះ លោកបានព្យាយាមស្វែងរកការសម្របសម្រួលដោះស្រាយចំនួន៣លើករួចមកហើយ ហើយលោកក៏បានរាយការណ៍ជូនស្រុក ខាងស្រុកបានសំណូមពរ ឲ្យក្រុមហ៊ុនបើកផ្លូវឡើងវិញសិន ដើម្បីសម្រួលជាមួយពលរដ្ឋ ក៏ប៉ុន្តែការដោះស្រាយរបស់ថ្នាក់ស្រុក ខាងក្រុមហ៊ុនមិនព្រមធ្វើតាមឡើយ។ លោក ឆាយ ជាងហេង បានបញ្ជាក់ថា ទីតាំងផ្លូវដែលមានទំនាស់នេះ ដើមឡើយគឺជា ដីស្ថិតក្នុងគម្រោងសម្បទានសេដ្ឋកិច្ចរបស់រដ្ឋឲ្យក្រុមហ៊ុនឧស្សាហកម្ម តែក្រោយមកមានការផ្ទេរមកឲ្យក្រុមហ៊ុនថ្មី ដែលមានឧកញ្ញា ថៃ ម៉េងលីម ជាម្ចាស់ភាគហ៊ុន ហើយលោកក៏មិនបានដឹងថា ក្រុមហ៊ុនខាងលើអាចកែប្រែពីដីសម្បទានរបស់រដ្ឋ មកឯកជនវិញតាមរបៀបណាដែរ។ លោកមេឃុំបានបញ្ជាក់ទៀតថា ចំពោះគម្រោងផ្លូវល្បឿនលឿន ក៏បានសង់ជាស្ពានត្រង់ចំណុចផ្លូវនេះផងដែរ ដើម្បីទុកផ្លូវឲ្យពលរដ្ឋឆ្លងកាត់ពីខាងក្រោមស្ពាន។ លោកមេឃុំបានបន្តទៀតថា បើសិនមានការបិទផ្លូវបែបនេះ ទោះខំធ្វើស្ពានក៏គ្មានន័យដែរ ព្រោះពលរដ្ឋឆ្លងកាត់មិនកើត។
លោក សៅ បូរីវឌ្ឍនៈ អភិបាលស្រុកកំពង់សិលា បានប្រាប់ឲ្យសារព័ត៌មានយើងឲ្យដឹងថា ករណីនេះលោកនឹងឲ្យក្រុមការងារជំនាញភូមិបាល ចុះពិនិត្យឡើងវិញម្តងទៀត ថាតើផ្លូវទាំងនោះស្ថិតនៅក្នុងដីក្រុមហ៊ុន ឬមួយយ៉ាងណា?។
ករណីនេះពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរ និងថ្នាក់ដឹកនាំជួយពិចារណា និងដោះស្រាយបើកផ្លូវនេះឲ្យពួកគាត់ឲ្យដូចដើមវិញ ព្រោះថាការធ្វើរបងបិទផ្លូវបែបនេះ ហាក់បីដូចជាផ្តាច់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់យ៉ាងដូច្នេះ។
នៅល្ងាចថ្ងៃទី២៧ ខែកញ្ញានេះ លោក តាំង ធី អ្នកចាត់ការទូទៅរបស់ក្រុមហ៊ុនសួនឧស្សាហកម្មកំពង់សិលា បានអះអាងប្រាប់បណ្តាញសារព័ត៌មានថា ខាងក្រុមហ៊ុនពិតជាបានធ្វើរបងបន្លាលួសបិទផ្លូវនៅចំណុចខាងលើនេះមែន គឺបិទនៅលើដីរបស់ក្រុមហ៊ុន ដែលមានប្លង់ត្រឹមត្រូវ។ អង្គភាពយើងមិនអាចសុំការបកស្រាយពីលោកឧកញ្ញា ថៃ ម៉ែងលីម បាននៅឡើយទេ ដោយសារមិនមានប្រព័ន្ធទំនាក់ទំនងតែនិងព្យាយាមនៅពេលក្រោយ ៕