រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នគរបាលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានយកដីកាកោះរបស់តុលាការរាជធានីភ្នំពេញ កោះហៅលោក សម រង្ស៊ី ឲ្យចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ រឿងប្រមាថព្រះចេស្តាព្រះមហាក្សត្រ ទៅបិទនៅអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ ។
សូមជម្រាបថា កន្លងទៅលោក សម រង្ស៊ី មេចលនាសង្គ្រោះជាតិ បានប្រមាថព្រះចេស្តាព្រះមហាក្សត្រថា ព្រះរាជសារព្រះមហាក្សត្រ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ៕