ខេត្តរតនគិរី ៖ ឈើសុក្រមក្រមជាច្រើនគំនរ ត្រូវបានក្រុមអ្នកសារព័ត៌មាន១ក្រុម ប្រទះឃើញលាក់ទុកនៅក្បែរអូរ ខាងក្រោយប៉ុស្ពិ៍នគរបាលរដ្ឋបាលសេដា នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបានបញ្ជាក់ថា ឈើប្រណីតទាំងអស់នេះ មានមុខកាត់១៥គុណ១៥ និងមានប្រវែងចាប់ពី ២,៥០ម៉ែត្រ ទៅ៣,៥០ម៉ែត្រ មានចំនួនជាង២០០កំណាត់។ ឈើទាំងអស់នេះ ត្រូវបានក្រុមឈ្មួញរកស៊ីឈើខុសច្បាប់យកមកលាក់ទុក ត្រៀមដឹកចេញទៅប្រទេសវៀតណាម។
ក្រោយទទួលបានពត័មាន ឧត្តមសេនីយ៍ឯក ហង្ស វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណ:កម្មការទប់ស្កាត់បទល្មើសធនធានធម្មជាតិ បញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តចុះទៅពិនិត្យផងដែរ។
បច្ចុប្បន្ន ឈើសុក្រមទាំងអស់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះយាមកាម រង់ចាំប្រមូលនឹងដឹកបញ្ជូនទៅស្នាក់ការបរិស្ថានស្រុកលំផាត់ នាព្រឹកថ្ងៃទី៣០ ខែមេសា នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
សូមបញ្ជាក់ថា ចំនួនឈើទាំងអស់នោះនៅមិនទាន់ដឹងនៅឡើយទេ ដោយសារសមត្ថកិច្ចបានប្រមូលយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានតែម្តង ៕