មណ្ឌលគិរី ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានអញ្ជើញជាអធិបតីប្រកាសតែងតាំងជាផ្លូវការ ស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មីនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេ។ ពិធីប្រកាសតែងតាំងនោះ ក៏មានការអញ្ជើញចូលរួមពីអភិបាលខេត្តមណ្ឌលគិរី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
លោកឧត្តមសេនីយ៍ត្រី ឡោ សុខា អតីតស្នងការរងនគរបាលខេត្តកណ្ដាល ត្រូវបានប្រកាសឲ្យទៅកាន់តំណែង ជាស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ដែលត្រូវបានផ្ទេរភារកិច្ចមកជា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃវិញ។
ក្នុងការចូលកាន់តំណែងជាស្នងការខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ឡោ សុខា បានប្តេជ្ញាចិត្តក្នុងការទប់ស្កាត់បទល្មើសផ្សេងៗកើតមាននៅក្នុងខេត្តមណ្ឌលគិរីនេះ ពិសេសជាងនេះទៅទៀតនោះ ត្រូវរក្សាសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋនឹងភ្ញៀវទេសចរណ៍ដែលមកទស្សនាក្នុងខេត្តនេះ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានផ្ទេរភារកិច្ចពីស្នងការខេត្តតាកែវ ទៅជាស្នងការនគរបាលខេត្ដមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ពោលទើបនឹងកាន់តំណែងបានជាង៧ខែប៉ុណ្ណោះ៕