រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងលោក សម រង្សី ដែលដឹកនាំដោយលោក ហេង សុខណា ចៅក្រមជំនុំជម្រះ និងលោក សៀង សុខ ជាតំណាងអយ្យការ។ ក្រោយពីសវនាការ លោក ហេង សុខណា ក៏បានប្រកាសសាលក្រមភ្លាមៗ ដោយបង្គាប់ឲ្យលោក សម រង្ស៊ី សងជំងឺចិត្តសម្តេចតេជោ ចំនួន៤ពាន់លានរៀល(ជិត១លានដូល្លា) និងពិន័យចូលរដ្ឋ១០លានរៀល។
សំណុំរឿងទណ្ឌិត សម រង្ស៊ី ដែលបរិហារកេរ្តិ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាលើបណ្តាញសង្គមហ្វេសប៊ុកថា បានសូកប្រាក់កញ្ញា ធី សុវណ្ណថា ចំនួនមួយលានដុល្លារអាមេរិកដើម្បីវាយប្រហារលើគណបក្សសង្គ្រោះជាតិត្រូវបានតុលាការបង្គាប់ឲ្យលោក សម រង្ស៊ី សងជំងឺចិត្តសម្តេចតេជោ៤ពាន់លានរៀល ស្មើប្រមាណ១លានដុល្លារ និងពិន័យចូលរដ្ឋប្រមាណ១០លានរៀល។
សូមរំលឹកថា លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្ដឹងប្តឹងទណ្ឌិត សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧៕