ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានផ្ញើរលិខិតមួយច្បាប់ជូនទៅដល់គ្រប់ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ទាំងអស់ ដោយហាមមិនឲ្យចាក់ផ្សាយបទចម្រៀងមានចំណងជើងថា «គ្រូបង្រៀនស្រវឹងស្រា» ច្រៀងដោយលោកស្រី ចេន សាយចៃ របស់ផលិតកម្មថោន។ក្រសួងបញ្ជាក់ថា ខ្លឹមសារនៃបទចម្រៀងនេះ គឺបានបន្តុះបង្អាប់ ប្រមាថ គ្រូបង្រៀន ប្រាសចាកអំពីអកប្បកិរិយា និងសីលធម៌ថ្លៃថ្នូររបស់គ្រូបង្រៀនទូទៅ ដែលធ្វើឲ្យមានប្រតិកម្មពីសំណាក់មហាជន ជះឥទ្ធិពលមិនល្អដល់សង្គមទាំងមូល។
ដូច្នេះ ដើម្បីចៀសវាងផលអវិជ្ជមាន និងប៉ះពាល់ដល់អារម្មណ៍ កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់គ្រូបង្រៀនទូទៅពីការផ្សព្វផ្សាយបទចម្រៀងនេះ ក្រសួងព័ត៌មានស្នើឲ្យគ្រប់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ហាមចាក់ផ្សាយបទចម្រៀងនេះចាប់ពីថ្ងៃជូនដំណឹងតទៅ៕