សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយនៅព្រឹកថ្ងៃសុក្រនេះថា រលកសញ្ញានៃគ្រោះរញ្ជួយដី ត្រូវបានគេដឹងថា បានកើតមានឡើងនៅក្បែរទីតាំងសាកល្បងគ្រាប់បែកនុយក្លេអ៊ែរកូរ៉េខាងជើង នៅវេលាម៉ោង១ និង៤១នាទីរំលងអធ្រាត ឈានចូលថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានកម្រិតមធ្យម ២.៩រ៉ិចទ័រ។
បើតាមទីភ្នាក់ងារតាមដានភូមិសាស្ត្រកូរ៉េ (KMA) នៅក្នុងប្រទេសកូរ៉េខាងត្បូងបានអះអាងថា «តាមការព្យាករណ៍ វាគ្រាន់តែជាគ្រោះធម្មជាតិរញ្ជួយដីធម្មតាប៉ុណ្ណោះ ហើយវាក៏គ្មានការបំផ្លិចបំផ្លាញអ្វីនោះដែរ»។ ចំណែកទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS ឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតមធ្យមខាងលើនេះ មានជម្រៅពីក្នុងដី ០៥គីឡូម៉ែត្រ ដែលស្ថិតនៅភាគខាងជើង នៃទីតាំងធ្វើតេស្តនុយក្លេអ៊ែរកូរ៉េខាងជើង ភុងគ្យេរី (Punggye-Ri) មិនឆ្ងាយប៉ុន្មាននោះឡើយ។ ទោះបីជាបែបនេះក្តីទីភ្នាក់ងារ USGS របស់អាមេរិកបានអះអាងថា «យើងនៅមិនទាន់អាចបញ្ជាក់បានទេថា វាជាការបង្កឡើងដោយគ្រោះធម្មជាតិ ឬក៏មនុស្សជាអ្នកបង្កើតហេតុការណ៍នោះ»។
សូមរម្លឹកថា កាលពីបីសប្តាហ៍មុន គ្រោះរញ្ជួយដីកម្រិត ៣.៥រ៉ិចទ័រ ក៏បានកើតមានឡើង នៅតំបន់ដដែលនោះដូចគ្នា៕