បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺ ងម៉ាត់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ និងមានកងកម្លាំងចម្រុះ ដែលដឹកនាំដោយឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកងកម្លាំងចុះមកបង្ក្រាបភ្លាមៗ ជាលទ្ធផលឈើចម្រុះគ្រប់ប្រភេទចំនួន ៦០៣៩៣ម៉ែត្រគូបដែលត្រូវបង្ក្រាបបានក្នុងរយៈពេលខ្លី ។
ចាប់តាំងពីពេលនោះមក រហូតមកដល់អំឡុងខែមេសា ឆ្នាំ២០១៧នេះ ឃើញថាសកម្មភាពបទល្មើសលួចរត់ពន្ធឈើឆ្លងដែនខុសច្បាប់ មានភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ តែជាក់ស្ដែងចូលមកដល់អំឡុងខែឧសភា មិថុនា ឆ្នាំ២០១៧នេះ ឃើញថាសកម្មភាពលួចរត់ពន្ធនាំឈើឆ្លងដែនខុសច្បាប់ មានការកំរើកឡើងវិញ ជាពិសេសមានដូចជាខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តត្បូងឃ្មុំជាដើម ។
កន្លងទៅថ្មីៗនេះ ដោយមានការបង្ហោះព័ត៌មាន តាមបណ្ដាញសង្គមពីសំណាក់ប្រជាពលរដ្ឋ និងតាមគេហទំព័រ នានាជាច្រើន របស់ក្រុមអ្នកសារព័ត៌មានថា មានការឃុបឃិតគ្នាបើកភ្លើងខៀវ ឱ្យមានការលួចរត់ពន្ធនាំឈើឆ្លងដែនចូលទៅប្រទេសវៀតណាមបានកក្រើកឡើងវិញនោះ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម សោភ័ណ ក៏បានរាយការណ៍ទៅឯកឧត្ដមសន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជំនាញការចុះពិនិត្យ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ការបង្ក្រាបបទល្មើស ការសាងសង់សំណង់និងប៉ុស្តិ៍អនាធិបតេយ្យនានានៅតាមខ្សែបន្ទាត់ព្រំដែន ដើម្បីសុំគោលការណ៍ចុះទប់ស្កាត់ ។
បន្ទាប់ពីបានលិខិតបង្គាប់ការ និងលិខិតបញ្ជាបេសកកម្ម ឱ្យចុះទប់ស្កាត់ ភ្លាមនោះនៅដើមខែកញ្ញា ឆ្នាំ២០១៧នេះ លោក សោម សោភ័ណ ក៏បានដឹកនាំកម្លាំងនគរបាលក្រសួងមហាផ្ទៃជាច្រើននាក់ ចុះទប់ស្កាត់រាល់សកម្មភាពបទល្មើសផ្សេងៗ ជាពិសេសការលួចរត់ពន្ធនាំឈើឆ្លងដែនខុសច្បាប់ នៅតាមបណ្ដារច្រករបៀង និងច្រកអន្តរជាតិនានាដូចជា ច្រកឡាប៉ាខេ ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ច្រក០៦~០៧ ~ ជ័យឃ្លាំង ស្ថិតក្នុងឃុំក្រញូងសែនជ័យ ដេ២ ដេ៣ ត្រពាំងស្រែ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ច្រកបឹងច្រូង,ទន្លេចាម ច្រកដូនរ័ត្ន ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយសារក្រុមលោក សោម សោភ័ណ បានចុះមក ទប់ស្កាត់នេះហើយ ទើបធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់ក្រុមឈ្មួញ និងមន្ត្រីខិលខូច មួយចំនួនក្នុងខេត្ត ដែលជាប់ពាក់ព័ន្ធមួយចំនួនខាងលើនេះ ជាពិសេសមន្ត្រីខិលខូចដែលមានតួនាទីនិងភារកិច្ច ឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ~ វៀតណាម ខាងលើនេះ ។ មិនតែប៉ុណ្ណោះ ពួកគេបានញុះញង់ឱ្យអ្នកកាសែតក្នុងស្រុកមួយចំនួនតូច ឲ្យចុះផ្សាយបំផ្លើសការពិតថែមទៀតផង ។
ដូចជាពាក្យថា ក្រុមលោក សោម សោភ័ណ ដើរជំរិតទារលុយពីប្រជាពលរដ្ឋរកស៊ីចិញ្ចឹមឆ្នាំង អ្នកដឹកទំនិញតាមរថយន្តតូចធំ យ៉ាងអនាធិបតេយ្យដោយមិនបានចេញបង្កាន់ដៃបង់ប្រាក់ នឹងបានចោទខ្លាំងៗថា បានដាវអាជ្ញាសឹកយកទៅដើរគាបសង្កត់អាជីវករ ជញ្ជក់ឈាមប្រជាពលរដ្ឋ ត្រីងៀតឆ្លៀតពង ជាដើម ។
ជាពិសេសជាងនេះទៅទៀតនោះបានចោទថា ធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋ នាំឱ្យបាត់បង់ សម្លេងឆ្នោតរបស់គណៈ បក្សប្រជាជនកម្ពុជាយើងថែមទៀតផង ។ ពាក្យពេជ្រសរសេរអសុរស ជាលក្ខណៈញុះញង់ ចោទប្រកាន់ទាំងកំរោល ដែលក្រុមអ្នកកាសែតមួយក្ដាប់តូច បានចុះផ្សាយតាមគេហទំព័រ តាមបណ្ដាញសង្គម និងតាមគ្រុបព័ត៌មានបែបនេះ គឺបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូរបស់លោកសោម សោភ័ណ ព្រមទាំងក្រុមការងារយ៉ាងធ្ងន់ធ្ងរ ដែលពួកគាត់បានខិតខំនាពេលកន្លងមក ក៏ដូចពេលបច្ចុប្បន្ននេះផងដែរ។
តាមការពិត ប្រជាពលរដ្ឋនិងមន្រី្តរាជការនៅទូទាំងប្រទេស ជាពិសេសនៅខេត្តស្ទឹងត្រែង មណ្ឌលគិរី ក្រចេះ,ត្បូងឃ្មុំ ដែលគ្មានការជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាពលួចរត់ពន្ធឈើឆ្លងដែនខុសច្បាប់ មានការសាទរទៅវិញនោះទេ ព្រោះបើគ្មានក្រុមលោក សោម សោភ័ណ ចុះមកទប់ស្កាត់ឱ្យបានទាន់ពេលវេលាទេនោះ ច្បាស់ជាផលប្រយោជន៍ជាតិរាប់លានដុល្លានឹងត្រូវបាត់បង់ ក្រោមកណ្ដាប់ដៃពួកឈ្មួញ និងមន្ត្រីខិលខូចមួយក្ដាប់តូច ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា~វៀតណាម នៅតាមស្រុក ខេត្តមួយចំនួនដូចខាងលើនេះ ជាក់ជាពុំខាន ។
ជុំវិញទៅនឹងបញ្ហាខាងលើនេះដែរ សូមសម្ដេចតេជោ ហុ៑ន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជ្រាបជាព័ត៌មានពិត និងសូមឱ្យសម្ដេច ជឿជាក់ទៅលើកម្លាំងពិតរបស់រដ្ឋាភិបាល គឺក្រុមលោកឧត្ដមសេនីយ៍ទោ សោម សោភ័ណ ដែលពួកគាត់បានខិតខំចុះមកបំពេញបេសកកម្ម យ៉ាងយកចិត្តទុកដាក់ ទាំងយប់ទាំងថ្ងៃ ដើម្បីស្រាវជ្រាវរកការពិត ព័ត៌មានពិត រកមុខអ្នកជាប់ពាំក់ពន្ធ័ក្នុងការឃុបឃិតគ្នា លួចរត់ពន្ធនាំទំនិញឆ្លងដែនខុសច្បាប់ផ្សេងៗ ជាពិសេសការលួចរត់ពន្ធនាំឈើឆ្លងដែនខុសច្បាប់ ដដែលៗ ម្ដងហើយម្ដងទៀត ដើម្បីមានមូលដ្ឋានច្បាស់លាស់ចាត់វិធានការទៅតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា សម្ដេចតេជោ ធ្លាប់បានមានប្រសាសន៍ព្រមានថា៖ ចំពោះមន្ត្រីខិលខូចណាដែលនិយាយភូតកុហក មិនតែប៉ុណ្ណោះហា៑ននិយាយបំផ្លើសការពិតចោទលើមន្ត្រីស្មោះត្រង់ អានឹងត្រូវទទួលទោសថ្នាក់ទី១ គឺត្រូវកាត់ទោស បំបែកសាកសពនឹងសេះ៥ បានស័ក្តិសម ៕