កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចបានកោះហៅមនុស្សចំនួន៥នាក់ មកសួរនាំពាក់ព័ន្ធអំពើឃាតកម្ម បាញ់រះជាង១០គ្រាប់ ដោយកាំភ្លើង AK ចូលទីស្នាក់ការរដ្ឋបាលព្រៃឈើក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីយប់មិញ ។
លោកឧត្តមសេនីយ៍ ឡុច សុវណ្ណា ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះថា ជនសង្ស័យចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចហៅមកសួរនាំ ក្នុងនោះមន្ដ្រីនគរបាលរបស់លោក សួរនាំ២នាក់ មានស្រីម្នាក់ និងមន្ដ្រីអាវុធហត្ថសួរនាំ៣នាក់ ប៉ុន្ដែមិនទាន់បានចម្លើយនៅឡើយទេ។
លោកស្នងការនគរបាលខេត្ត បានបញ្ជាក់ជាផ្លូវការថា ស្លាប់ម្នាក់ គឺជាមន្ដ្រីរដ្ឋបាលព្រៃឈើសង្កាត់ក្រាំងស្គារ និង៣នាក់ទៀត រងរបួសកំពុងសម្រាកព្យាបាល ក្នុងនោះមានមន្ដ្រីអាវុធហត្ថម្នាក់ និងប្រជាពលរដ្ឋ២នាក់ទៀត ដែលមិនមែនជាមន្ដ្រីយោធា ដូចសេចក្ដីរាយការណ៍ពីដំបូងឡើយ ។ លោកថា ប្រជាពលរដ្ឋទាំង២នាក់នេះ បានរងរបួសដោយសារតែគ្រាប់ផ្លាតត្រូវ ហើយសមត្ថកិច្ចកំពុងខិតខំស្រាវជ្រាវលើករណីនេះ៕