បន្ទាយមានជ័យ៖ កម្មករអូសរទេះផ្លែឈើពីប្រទេសថៃ បានធ្វើការតវ៉ា ដោយយករទេះ បិទផ្លូវមិនឲ្យមានការឆ្លងដែន ព្រោះតែរឿងគយថៃយកលុយពីពួកគេច្រើនពេក នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។
ក្រុមកម្មករអូសរទេះទាំងនោះបាននិយាយថា ការដែលពួកគេនាំគ្នាតវ៉ាបិតផ្លូវនេះ គឺដោយសារគយថៃឡើងថ្លៃលើការយកលុយ ក្នុងការដឹកផ្លែឈើ១រទេះ ១០០០ បាត ខុសពីមុនគយថៃយកតែ២០បាតទៅ១០០បាតតែប៉ុណ្ណោះ។ ដូចនេះពួកគាត់សូមឲ្យគយថៃយកតំលៃដូចដើម។
លោក វួច អូន ប្រធានគណកម្មាការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងថា មុនមានការតវ៉ានេះបួនថ្ងៃ កម្មករអូសរទេះទាំងនោះបានមកឲ្យលោកជួយអន្តគមន៍កុំឲ្យគយថៃឡើងថ្លៃ ហើយលោកក៍បានធ្វើសំណើរទៅខាងគយថៃរួចផងដែរ តែមិនមានការឆ្លើយតប។
ដោយឡែកបើតាមការបកស្រាយរបស់គយថៃវិញថា ពួកគេមិនបានទារលុយពីកម្មករក្នុងមួយរទេះ១០០០បាតនោះទេ ការពិតមាននារីជនជាតិថៃម្នាក់ដែរជាអ្នកជ្រេអីវ៉ាន់ (រទេះផ្លែឈើ) តម្រូវអោយកម្មករអូសរទេះបង់ឲ្យខ្លួនមួយរទេះ១០០០បាត ដើម្បីយកទៅរត់ផ្លូវ ហើយបានប្រាប់កម្មករថាគយថៃឡើងថ្លៃ ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមានការសម្របសម្រួល គយថៃ ក៏បានឯកភាពសម្របសម្រួលរក្សាការយកលុយដូចមុនវិញ ទើបកម្មករនាំគ្នារំសាយវិញ និងបើកច្រកនៅវេលាម៉ោងប្រមាណជិត១០ព្រឹកថ្ងៃនេះ៕