ខេត្តកំពង់ធំ៖ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាមកតវ៉ានៅមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយស៊ីភី នៅទីរួមខេត្តកំពង់ធំ ដោយចោទថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះ មិនបានគោរពកិច្ចសន្យា និងបានដក រថយន្ដពួកគាត់ទុក មិនឲ្យប្រកបរបររកស៊ីថែមទៀត ។
ប្រជាពលរដ្ឋ ដែលនាំគ្នាមកតវ៉ា នៅមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយស៊ីភីបានប្រាប់ថា ពួកគាត់កើតទុក្ខមិនសុខចិត្ត ដោយសារតែពួកគាត់បានចងការប្រាក់ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយស៊ីភី នេះចំនួន ២ម៉ឺនដុល្លារ (ពីរម៉ឺនដុល្លារ) ហើយមានអត្រាការប្រាក់១.៦៨ដុល្លារ ក្នុង១ខែ ពួកគាត់បង់ឲ្យគ្រឹះស្ថានបាន រយៈពេល៦ខែ ទើបដឹងថាអត្រាប្រាក់ការមិនមានការថយចុះសោះ ។
ចំពោះការប្រាក់នេះ បើតាមពួកគាត់ គុណចែកទៅឃើញដល់ទៅ២.៧៣ភាគរយឯណោះ ហើយពួកគាត់ក៏ទៅសួរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យកែតម្រូវអាត្រាការប្រាក់នេះ ដល់ពួកគាត់ដែរ តែខាងគ្រឹះស្ថានមិនព្រមកែតម្រូវឲ្យទេ ។ ឥឡូវគាត់ព្រម បង់សម្រាប់ខែទី៧ គឺខែកក្កដា និងខែសីហា ទៀត បើខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយស៊ីភី មិនព្រមកែតម្រូវឲ្យពួកគាត់ទៀត ចាប់ពីខែទី៩កញ្ញាទៅ ពួកគាត់ឈប់បង់លុយឲ្យហើយ ។
ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា រយៈពេល២ទៅ៣ខែនេះ គាត់មិនបានបង់លុយឲ្យទេ ស្រាប់តែខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយស៊ីភី ចាប់ដកយករថយន្តបែនដឹកដីចំណុះ២៤តោនរបស់គាត់ ទុកមិនឲ្យប្រកបការងាររកស៊ីបានយ៉ាងដូច្នេះទៅវិញ?
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើនេះ យើងមិនអាចសុំការបំភ្លឺ ពីតំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវ៉ាយស៊ីភី ខេត្តកំពង់ធំ បាននៅឡើយ តែនឹងព្យាយាមទំនាក់ទំនង៕