ខេត្តកណ្តាល៖ ជនសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០២ នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ០៣.០២.២០១៧ វេលាម៉ោង ១៣h៣០នាទី ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ ទួត នី ស្ថិតក្នុងភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យទាំង២នាក់នេះមាន ១. ឈ្មោះ ទួត នី ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាឪពុករបស់ឈ្មោះ នី សារ៉េត។
២.ឈ្មោះ នី សារ៉េត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ក្នុងការបង្ក្រាបករណីគ្រឿងញៀននេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន:
១.ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀនម៉ាទឹកកក ០២កញ្ចប់តូច និង ឧបករណ៍វេចខ្ចប់ ប្រើប្រាស់មួយចំនួន ២.ដាវដែក០១ដើម ។
តាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា:
កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មាន
ករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ទួត នី ស្ថិតក្នុងភូមិ រកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ភ្លាមនោះកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានចុះទៅដល់ចំណុចកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានធ្វើការត្រួតពិនិត្យ ជនសង្ស័យទាំង០២នាក់ បានរកឃើញឧបករណ៍វេចខ្ចប់និងប្រើប្រាស់មួយចំនួន ។
នៅវេលាម៉ោង ១៣.៥៦នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង បន្តត្រួតពិនិត្យផ្ទះរបស់ឈ្មោះ ទួត នី នៅចំណុចភូមិ រកាលើ ឃុំខ្ពប បានរកឃើញគ្រឿងញៀន (ម៉ាទឹកកក)០២កញ្ចប់តូច ដាវដែក០១ដើម និងឧបការណ៍វេចខ្ចប់មួយចំនួនបន្ថែមទៀត បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ នី សារ៉េត បានសារភាពថា ខ្លួនបានទទួលលុយពីឈ្មោះ ជ័រ ចេង ហៅ ខ្លូ រស់នៅភូមិ រកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ចំនួន៣០០.០០០៛ ឲ្យទៅទិញគ្រឿងញៀន០១កញ្ចប់ធំ ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចស្តុបព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល រួចយកគ្រឿងញៀននោះទៅឲ្យឈ្មោះ ជ័រ ចេង ហៅ ខ្លូ ។ បន្ទាប់មកឈ្មោះ ជ័រ ចេង ហៅ ខ្លូ បានឲ្យគ្រឿងញៀនទៅខ្លួន០៣កញ្ចប់តូច ដើម្បីទុកលក់ខ្លួនឯង ។
បញ្ជាក់ ឈ្មោះ ទួត នី ត្រូវជាឪពុករបស់ឈ្មោះ នី សារ៉េត ជាមុខសញ្ញាជួញដូរនិងប្រើប្រាស់យ៉ាងសកម្ម
ជនសង្ស័យទាំង០២នាក់និងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕