ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តហ៊ីយ៉ាន់ដាយ បុកអ្នកជិះម៉ូតូវ៉េវ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង7.30នាទីព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពពត៏មាន ពីសមត្ថកិច្ចចរាចរណ៍បានបង្ហើបអោយដឹងថា៖ មុនពេលកើតហេតុ គេបានឃើញម៉ូតូនិងរថយន្តធ្វើដំណើរស្របទិសគ្នា ពីជើងទៅត្បូង តាមបណ្ដោយផ្លូវរុក្ខតេជោ លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានជិះទៅប៉ះបង្កាន់ដៃស្ពាន ហើយបានដួលបោកមកលើថ្នល់ ស្របពេលនោះ រថយន្តហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3.D.2294 ដែលបើកបរដោយឈ្មោះកែប សែម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិព្រែកស្ពឺ ស្រុកស្នួល ខេត្តក្រចេះ បានបើកកិនជនរងគ្រោះ បណ្ដាលអោយស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ។
សមត្ថកិច្ចដដែលបានបន្តថា ជនរងគ្រោះឈ្មោះស៊ុន ឈឿន ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំជើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ កែប សែម ត្រូវបានឃាត់ខ្លួន យកទៅសាកសួរនៅនគរបាលស្រុក ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅតុលាការ វត្ថុតាងដែលបង្កហេតុមាន រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ច ប្រមូលយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំដោះស្រាយនៅពេលក្រោយ ចំណែកសាកសព ត្រូវបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យ ៕