ក្រុមភេរវកម្មដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានសម្រុកចូលវាយប្រហារនៅមជ្ឈមណ្ឌុលហ្វឹកហ្វឺន ប៉ូលីសដែលមាន សិស្សជាច្រើនកំពុងតែរៀននៅទីនោះដើម្បីក្លាយជាប៉ូលីស។
យ៉ាងហោចណាស់ក៏មានមនុស្ស៤០នាក់បានស្លាប់ នៅក្នុងហេតុការណ៍វាយប្រហារខាងលើ។ នៅពេលដែលវាយប្រហារកើតឡើងមានសិស្សប្រមាន៧០០នាក់កំពុងតែសិក្សា។ ការវាយប្រហារធ្វើឡើងពីភេរវករប្រមាណ៦នាក់ ប្រដាប់ដោយកាំភ្លើងនិង គ្រាប់បែក បាញ់ប្រហារយ៉ាងចាស់ដៃ នៅក្នុងមជ្ឈមណ្ឌុលហ្វឹកហ្វឺន ស្ថិតនៅក្នុងខេត្ត Baluchistan ។
មន្ត្រីសុខាភិបាលខេត្ត Baluchistan បានឲ្យដឹងថា ការវាយប្រហារខាងលើ បណ្តាលឲ្យមានអ្នករងរបួសរហូតដល់ទៅ១០៦នាក់ ដែលជាប៉ូលីស កំពុងតែសិក្សាវគ្គបណ្តុះបណ្តាល។
លោក Sher Afgan មេប៉ូលីស បានឲ្យដឹងថាការវាយប្រហារភេរវកម្មខាងលើ ធ្វើឡើងដោយក្រុម Lashker E Jhangvi គឺជាក្រុម អីុស្លាម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ការវាយប្រហារខាងលើកើតឡើង ក្រោយប៉ុន្មានម៉ោងដែល បុគ្គលិកពន្ធដារពីររូបរងការវាយប្រហារស្ថិតនៅក្នុងស្រុក Surab បណ្តាលម្នាក់ស្លាប់៕