កំពង់ស្ពឺ: ដោយបញ្ហាទឹកជំនន់ ផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៏រថយន្តធំៗឆ្លងកាត់ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ។
បើយោងតាមកម្លាំង ដែលបានចុះដល់គោលដៅទីតាំងលិចទឹក បានបញ្ជាក់ឲ្យដឹងថា ដោយផ្អែកតាមបញ្ជាលោក អភិបាលខេត្តកំពង់ស្ពឺ បានផ្អាកចរាចរណ៍នូវរថយន្តធំៗ មួយរយៈសិន ដោយស្ថានភាពទឹកបានហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចអូរវែង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ហើយពេលនេះកម្លាំងអាវុធហត្ថ បានដាក់កម្លាំង ការពារសុវត្តិភាព ជូនម្ចាស់រថយន្ត និងហាមរថយន្តធំៗមិនឲ្យឆ្លងកាត់តទៅទៀត និងត្រួតពិនិត្យខ្លាចមានបញ្ហាគ្រោះថ្នាក់ផ្សេងៗកើតឡើង ម្យ៉ាងការពារបាក់ខូចខាតផ្លូវជាតិផងដែរ។
ជាមួយគ្នានោះ ក្រសួងធនធានទឹកនិងឩតុនិយម បានឲ្យដឹងថា ភ្លៀងដែលបានបន្តធ្លាក់ក្នុងកំរិតពី ១០០-១១៧ មីល្លីម៉ែត្រ បានបង្កឱ្យតំបន់ជាច្រើនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ពិសេសភាគត្បូងខេត្ត នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៦ នេះ រងនូវការលិចលង់ដោយជំនន់ទឹកភ្លៀង៕