រូបអាក្រាតកាយរបស់បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដូណាលត្រាំ បានបង្ហាញខ្លួនសារជាថ្មីនៅតាមផ្លូវថ្នល់ក្នុងទីក្រុងញ៉ូវយ៉កនិង Jersey City កាលពីថ្ងៃទី១៥ ខែកញ្ញា។
បើទោះបីរូបចម្លាក់គ្មានស្លៀកពាក់ខោអាវហើយដៃអោបពោះ ធ្លាប់បានដាក់បង្ហាញម្តងរួមមកហើយនៅរមណីយដ្ឋានទីក្រុងញ៉ូវយ៉កកាលពីខែសីហា ក្រោយមកក៏ត្រូវយកចេញទៅបាត់។ នៅពេលនេះរូបចម្លាក់លោកត្រាំបានបង្ហាញខ្លួនជាថ្មីឡើងវិញនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។
កាលពីខែសីហារូបចម្លាក់ខាងលើបានដាក់នៅរមណីយដ្ឋាន Union ក្នុងទីក្រុងញ៉ុវយ៉កទទួលបានការចាប់អារម្ភយ៉ាងខ្លាំងដោយមានពលរដ្ឋជាច្រើនទៅថតរូបសែលហ្វីជាមួយរូបនោះ។ ប៉ុន្តប៉ុន្មានម៉ោងក្រោយមក ប៉ូលិសក៏បានយករូបនោះចេញទៅបាត់។
នៅថ្ងៃទី១៥ ខែកញ្ញា លើដងផ្លូវ Holland Tunnel រូបចម្លាក់លោកត្រាំបានបង្ហាញខ្លួនជាថ្មីនៅលើតំបូលរោងចក្រ RC cola ។ រូបខាងលើ មាន៥រូបដូចគ្នា ត្រូវបានដាក់នៅក្នុងទីក្រុងចំនួន៥ ក្នុងនោះមានញ៉ុវយ៉ក , សានហ្វាំងសិសកូ , ឡូសអែនជឺឡែស, ក្លែវើឡែននិង ស៊ីធូល កាលពីខែសីហា។
តាមគម្រោងរូបចម្លាក់ខាងលើនឹងត្រូវដាក់ដេញថ្លៃនៅក្នុងខែតុលា ដើម្បីយកប្រាក់ ទៅផ្តល់ជំនួយដល់ជនភៀសខ្លួន ។
រូបសំណាកលោកត្រាំបង្ហាញខ្លួនជាថ្មី ក្រោយពេលដែលលោកមានសម្លេងគាំទ្រខ្ពស់ជាងលោកស្រី ហ៊ីឡារីគ្លីនតុន ក្នុងការស្ទង់មតិចុងក្រោយនេះ។
នៅក្នុងពេលឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ កំពុងឈានដល់ដំណាក់កាលសំខាន់ នៅថ្ងៃទី១៤ ខែកញ្ញា លទ្ធផលនៃការស្ទង់មតិថ្មីមួយ បានឲ្យឃើញថា បេក្ខភាព ដូណាល់ត្រាំ បាននាំមុខលោកស្រីគ្លីនតុន នៅក្នុងរដ្ឋ២គឺ រដ្ឋណាវ៉ាដា និង អូហៃយ៉ូ ៕