ខេត្តកណ្តាល : កាលពីវេលាម៉ោង២ និង ៣០នាទីរសៀលថ្ងៃទី១៧ កញ្ញា ២០១៦ មានករណីសិស្សម្នាក់ រអិលជើងធ្លាក់ចូលទឹកស្ទឹង នៅមិនទាន់រកឃើញទេ ត្រង់ចំណុច ដើមអាទាំង ភូមិព្រៃចាស់ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។
យុវសិស្សម្នាក់នោះឈ្មោះអឿន ម៉េងលាង អាយុ១៦ឆ្នាំ មានទីលំនៅភូមិវិហារខ្ពស់ ឃុំវិហារខ្ពស់ ក្រុងសួង ខេត្តត្បួងឃ្មុំ (បាត់ខ្លួន) ។ មុនកើតហេតុយុវជនឈ្មោះ អឿន ម៉េងលាង និងមិត្តភក្តិបានទៅងូតទឹកស្ទឹងបឹងអាទាំងលេង ពេលកំពង់ងូតស្រាប់តែយុវជន អឿន ម៉េងលាង រអិលជើងធ្លាក់ចូលទឹកជ្រៅ ដែលកំពុងហូរខ្មួលខ្មាញ់ បណ្តាលឲ្យទឹកគួចលង់ទៅបាត់ខ្លួន និងរកមិនទាន់ឃើញនៅឡើយទេរហូតដល់ល្ងាចថ្ងៃដដែលនោះ តែទោះជាយ៉ាងណា បងប្អូនកំពង់ជួលទូកតាមរក បន្តទៀត ៕