ភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងនឹងរៀបចំធ្វើការជួបដោយផ្ទាល់ជាមួយនឹងសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលបាននិទ្ទេស A នៅចុងសប្តាហ៍នេះ ឯវិមានសន្តិភាព។
យោងតាមបណ្តាញសង្គមផ្ទាល់របស់សម្តេច ការជួបនោះ នឹងធ្វើឡើងនៅវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។
ជាមួយនឹងការប្រកាសជួបសិស្សជាប់និទ្ទេស A នេះ សម្តេច ក៏សូមឲ្យក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងអភិបាលរាជធានី ខេត្ត ទាំងអស់ ដែលមានសិស្សប្រឡងជាប់និទ្ទេស(A) រៀបចំឲ្យបានល្អនូវការធ្វើដំណើរ និងការស្នាក់នៅ ដោយធានាឲ្យបាននូវសុវត្ថិភាព ពិសេសសិស្សមកពីខេត្ត។
ក្នុងនោះសម្តេចក៏បានចូលរួមអបអរសាទរចំពោះក្មួយៗដែលប្រឡងជាប់ទាំងអស់នៅទូទាំងប្រទេស និងសំដែងការសោកស្តាយចំពោះក្មួយៗដែលប្រឡងមិនជាប់ ហើយសង្ឃឹមថាក្មួយៗនឹងប្រឹងរៀនដើម្បីប្រឡងនៅឆ្នាំក្រោយទៀត៕