ភ្នំពេញ ៖ តាមរបាយការណ៍របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃនេះ បានបង្ហាញឲ្យដឹងថា កម្ពុជាមានជនអន្តោប្រវេសន៍ជនជាតិវៀតណាមប្រមាណ១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមដែលរស់នៅច្រើនជាងគេគឺ រាជធានីភ្នំពេញ មានចំនួន ១៦៨៦០គ្រួសារ ស្មើនឹងចំនួនមនុស្ស ៥៤ ៨០១នាក់ ។
បើតាមរបាយការណ៍ជំរឿនជនអន្តោប្រវេសន៍រយៈពេល៦ខែឆ្នាំ២០១៦ ដែលបង្ហាញឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបជំហានដំបូងស្តីពីការអនុវត្តបន្តការងារគ្រប់គ្រងអន្តោប្រវេសន៍ ដែលប្រារព្ឋធ្វើនៅទីស្តីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១៩ សីហា ២០១៦ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៍បានបញ្ជាក់ទៀតថា ជនអន្តោប្រវេសន៍ ដែលបាននិងកំពុងរស់នៅក្នុងប្រទេសកម្ពុជាសរុប២៥សញ្ជាតិ ក្នុងនោះ៩៩,៤៩% ជាជនជាតិវៀតណាម ។
របាយការណ៍ដដែលបញ្ជាក់ដែរថា បន្ទាប់ពីរាជធានីភ្នំពេញ ជនជាតិវៀតណាមដែលបាននិងកំពុងរស់នៅកម្ពុជាច្រើនជាងគេមានខេត្តកណ្តាល ៦៩៦៨គ្រួសារ ស្មើនឹងចំនួនមនុស្ស ២៦ ៧២៤នាក់ កំពង់ឆ្នាំង៤៦៧២គ្រួសារ ស្មើនឹងចំនួនមនុស្ស ២០ ៣៤១នាក់ ព្រៃវែង ៤៣៥៧គ្រួសារស្មើនឹងចំនួនមនុស្ស១៦ ៣២៣នាក់ ឯខេត្តចំនួន២១ទៀតមានជនជាតិវៀតណាមខ្ទង់រយគ្រួសារប៉ុណ្ណោះ ៕