រាជធានីភ្នំពេញ ៖ បន្ទាប់ពីលេចឮព័ត៌មាន ទាក់ទងការផ្លាស់ប្តូរទីលានប្រជាធិបតេយ្យទៅកន្លែងផ្សេងវិញនោះ សាលារាជធានីភ្នំពេញ បានអះអាងថា ពុំមានការផ្លាស់ប្ដូរទីលានប្រជាធិបតេយ្យនោះទេ ហើយព័ត៌មានដែលបានផ្សព្វផ្សាយ កន្លងទៅនេះ គ្រាន់តែជាសំណូមពរប្រជាពលរដ្ឋប៉ុណ្ណោះ ដែលពួកគាត់ចង់ឲ្យមានការផ្លាស់ប្តូរដោយសារតែកន្លងមកមានសកម្មភាពមិប្រក្រតីច្រើននៅតំបន់នោះ ។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីដើមសប្ដាហ៍នេះសាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំមួយ ហើយក្នុងនោះក៏បានពិភាក្សា ក្នុងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ជាលទ្ធផលសាលារាជធានីភ្នំពេញ មិនអាចធ្វើការផ្លាស់ប្ដូរទីលានប្រជាធិបតេយ្យ ដែលមានទីតាំងនៅជិតស្ថានទូតអាមេរិកបាននោះទេ។ ៕